អត្រាកំណើតរបស់ប្រទេសចិននៅឆ្នាំ ២០១៩ មានអត្រាយឺតបំផុតក្នុងរយៈពេល ៧០ ឆ្នាំចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតគិតមកត្រឹមបំណាច់ឆ្នាំ២០១៩កន្លងទៅចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលពី ៧០ ឆ្នាំមុនដែលនេះជាបញ្ហាប្រឈមរយៈពេលវែងសម្រាប់រដ្ឋាភិបាលចិន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០។
ទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញថា អត្រាកំណើតរបស់ប្រជាជនចិនមានចំនួន ១០,៤៨ ក្នុងមួយពាន់នាក់ដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ ១៩៤៩មក។ជាក់ស្តែង ចំនួនទារកកើតក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះចាប់ពី ៥៨០០០០ នាក់ដល់ ១៤,៦៥ លាននាក់។
យោងតាមទិន្នន័យពីក្រសួងកិច្ចការស៊ីវិលចិនបានឲ្យដឹងថា ទោះបីជាមានការលុបចោលនូវគោលនយោបាយកូនតែមួយនៅក្នុងឆ្នាំ ២០១៥ ក៏ដោយ គូស្វាមីភរិយាវ័យក្មេងជាច្រើននៅក្នុងប្រទេសចិន មានការស្ទាក់ស្ទើរក្នុងការមានកូនព្រោះពួកគេមិនមានលទ្ធភាពបង់ថ្លៃថែទាំសុខភាពនិងការអប់រំ រួមជាមួយនឹងតម្លៃផ្ទះកាន់តែថ្លៃ ។ទន្ទឹមនឹងនេះអត្រានៃការលែងលះក៏ជាដើមចមនៃការធ្លាក់ចុះអត្រាកំណើតផងដែរ ជាក់ស្តែងក្នុងរយៈពេលត្រឹម ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៩ អត្រាលែងលះមានប្រមាណ ៣,១ លានគូ ខណៈអ្នករៀបការមានចំនួន ៧,១ លានគូ។ម៉្យាងវិញទៀត មនុស្សចាស់ជរាក៏កំពុងតែមានចំនួនកាន់តែច្រើនដែលជាបន្ទុករបស់រដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់សេវាថែរក្សាសុខភាពនិងប្រាក់សោធននិវត្តន៍ចំពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។
សូមបញ្ជាក់ថា បើតាមទិន្នន័យការិយាល័យស្ថិតិបានបង្ហាញថាចំនួនប្រជាជនចិនសរុបមានចំនួន ១,៤ ពាន់លាននាក់គិតត្រឹមដំណាច់ឆ្នាំ ២០១៩៕
ប្រភព៖ សារព័ត៌មាន Channel News Asia