កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅ ក្នុងអូរលាវព្រំប្រទល់រវាងខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី

 

វិទ្យុជាតិកម្ពុជា​៖​ វ៉ាង ភក្តី ១៧ ០១ ២០២០៖

កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅ ក្នុងអូរលាវព្រំប្រទល់រវាងខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយ មានសភាពស្អុយរលួយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែ
មករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា តាមការ សន្និដ្ឋានជំហានដំបូងកូនដំរីព្រៃនេះ អាចស្លាប់ដោយការលង់ទឹក។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិ ស្ថានបានឱ្យដឹងថា៖ «តាម ការពិនិត្យ សាកសពសត្វដំរីនេះ មិនមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ ដែលអាចសន្និដ្ឋានថា អាចស្លាប់ ដោយមូលហេតុអ្វីផ្សេងឡើយ អ្វីដែលកត់សម្គាល់គឺជើងក្រោយរបស់ កូនដំរីនេះបាក់ ដែលសង្ស័យថា អាចត្រូវបានគៀបនឹងល្បាក់ថ្ម ព្រោះអូរលាវមានអន្លង់ជ្រៅៗ និងមាន ល្បាក់ថ្ម ច្រើន»។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ពេលទទួលបានដំណឹងពីប្រជានេសាទ
ថាមានសត្វដំរីស្លាប់ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន ៣ នាក់បានចុះទៅពិនិត្យផ្ទាល់នៅ លើទីតាំង និងបានរកឃើញថាមានកូនដំរីព្រៃ ១ក្បាលបានស្លាប់ក្នុងទឹក។ តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង ១០ ថ្ងៃមុន ប្រជាពលរដ្ឋបានឃើញហ្វូងដំរីប្រមាណពី ២០ ទៅ ៣០ ក្បាល បានហែលឆ្លងអូរលាវចូលមករកចំណី នៅក្នុងឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ ដើមឬស្សីនិងមែកឈើ ហើយបានបន្សល់លាមកជាច្រើន ហើយបន្ទាប់មកក៏បានឆ្លងទៅទឹកដីខេត្ត មណ្ឌលគិរីវិញ។ ក្រោយមកក៏បានប្រទះឃើញកូនដំរីស្លាប់ក្នុងទឹក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ពិតជាគួរឱ្យសោកស្តាយចំពោះការបាត់បង់កូនដំរីព្រៃមួយនេះ។ ឯកឧត្តមបានបន្ថែមថា ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូ ក្រុមការងារពិបាក នឹងយកសពកូនដំរីមករក្សាទុក។ ក្រុមការ ងារបានសម្រេចអូសសាកសពកូនដំរី មកកប់នៅដីក្បែរមាត់ អូរសិនដើម្បីទុកឱ្យរលួយសាច់ ទើបអាច ប្រមូលឆ្អឹងមកធ្វើជារូបសំណាកជាក្រោយ។

ទាក់ទងនឹងចំនួនដំរីនៅក្នុងប្រទេសកម្ពុជាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាលដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា មានប្រមាណជាង ១១០ ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានចំនួនប្រមាណជិត ២០០ ក្បាល និងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរួបនេះក៏បានឱ្យដឹងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅ កម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍មានការធ្លាក់ចុះច្រើននៅក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះ រវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដាំនៅជាប់នឹងព្រៃហើយពេល ខ្លះដំរីមកស៊ីដំណាំ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ចំណែកសត្វដំរី ស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ ៧០ ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការ ថយចុះដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្ត បន្ទាប់។
ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេស កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ ដៃគូនានា រៀបចំផែនការអភិរក្ស និងការពារ សត្វដំរីនៅកម្ពុជា រៀបចំផែនការ យុទ្ធសាស្ត្រក្នុងការអភិ រក្សសត្វដំរី ដោយពង្រឹងប្រសិទ្ធភាពការពារ ធន ធម្មជាតិព្រៃឈើ ដែលជាទីជម្រកនិងកន្លែងផ្តល់ចំណី ដល់សត្វដំរី និងការ ពង្រឹងការអនុវត្តច្បាប់ ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រាន ព្រៃដាក់នៅ ក្នុង ព្រៃនិងការអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកប របរដាំដាំនៅតាមចម្ការនានាក្បែរតំបន់ ការពារធម្មជាតិ កុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែល ចូលស៊ីដំណាំរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា នៅក្នុងវិធានការទប់ស្កាត់ការជួញដូរសត្វព្រៃខុស ច្បាប់ជាពិសេសការជួយដូរភ្លុកដំរី កុយរមាសជាដើម ក្រសួងបរិស្ថានបានព្រមានរួចហើយតាមរយៈការចេញលិខិតដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ប្រមាណ ១០០ នៅក្នុងរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ បញ្ឈប់រក្សាទុក ឬលក់ដូរទំនិញហាមឃាតទាំងនេះ ហើយត្រូវប្រគល់ជូនសមត្ដកិច្ច បើបន្តប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់៕