អាឡឺម៉ង់ស៊ើបអង្កេតមនុស្ស ៣ នាក់ពីបទធ្វើចារកម្មឲ្យប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ព្រះរាជអាជ្ញាអាឡឺម៉ង់ កំពុងតែស៊ើបអង្កេតមនុស្ស ៣ នាក់ដែលបានចោទប្រកាន់ថាបានធ្វើចារកម្មឱ្យប្រទេសចិន ក្នុងនោះអតីតអ្នកការទូតសហភាពអឺរ៉ុបម្នាក់ក៏ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
តាមប្រភពដ ដែល បានបន្តថា ជនសង្ស័យម្នាក់គឺជាអ្នកការទូតអាល្លឺម៉ង់ដែលបានធ្វើការនៅសហគមន៍អឺរ៉ុបក្នុងទីក្រុងព្រុចសែល មុនពេលបំពេញមុខងារជាឯកអគ្គរដ្ឋទូតសម្រាប់សហភាពអឺរ៉ុបនៅបរទេស ខណៈជនសង្ស័យពីររូបទៀតជាបុគ្គលិកក្រុមហ៊ុនល្បីឈ្មោះមួយរបស់អាល្លឺម៉ង់។ព្រះរាជអាជ្ញាបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីជនសង្ស័យនោះទេហើយបាននិយាយថាមិនមានការចាប់ខ្លួនណាមួយទេនៅពេលនេះ។
យោងតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងទៀតថា ប៉ូលីសបានធ្វើការវាយឆ្មក់ផ្ទះនិងការិយាល័យដែលទាក់ទងទៅនឹងមនុស្សទាំងបីនៅទីក្រុងប៊ែកឡាំង ព្រុចស៊ែល និងរដ្ឋបាវ៉ារៀនិងប៊ែន – វ៉ូត្រាតេ។ប្រសិនបើការចោទប្រកាន់ត្រូវបានបញ្ជាក់វានឹងជាករណីដ៏កម្រមួយនៃចារកម្មចិនដែលត្រូវបានគេរកឃើញ។
សូមបញ្ជាក់ថា ការស៊ើបអង្កេតនេះធ្វើឡើងចំពេលដែលមានការជជែកវែកញែកយ៉ាងខ្លាំងនៅ អឺរ៉ុបអំពីថាតើគួរដកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ពីការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត 5G របស់អាល្លឺម៉ង់ដែរឬទេ៕ប្រភព៖ សារព័ត៌មាន Channel News Asia