អាជ្ញាធរខេត្តបាត់ដំបងជំរុញការកែលម្អតំបន់ទេសចរណ៍នៅជុំវិញខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ នាឱកាសព្រឹត្តិការណ៍បុណ្យទន្លេ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ១៧ ០១ ២០២០៖

អាជ្ញាធរខេត្តបាត់ដំបងជំរុញការកែលម្អតំបន់ទេសចរណ៍នៅជុំវិញខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ នាឱកាសព្រឹត្តិការណ៍បុណ្យទន្លេនៅខែមីនាខាងមុខនេះឲ្យបានច្រើនកុះករ ដើម្បីបង្កើត ឱកាស ការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖……
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍ទំាង៤៧កន្លែងនៅទូទំាងខេត្តបាត់ដំបង មន្ទីរបានចាប់ផ្តើមកែលម្អនៅតំបន់ទេសចរណ៍មួយចំនួនដូចជាតំបន់ទេសចរណ៍ អេកូរីសឹម តំបន់ណូរីភ្នំបាណន់ ទឹកធ្លាក់តាថេង ទឹកធ្លាក់អូរជាំឲ្យបានស្អាត ទំាងសោភ័ណភាព អនាម័យបរិស្ថាន គុណភាពសេវាកម្មទេសចរណ៍ ផ្លូវចូលទៅតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តប្រកបដោយភាពងាយស្រួលនិងសប្បាយរីករាយ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ការរៀបចំកែលម្អតំបន់ទេសចរណ៍ទំាងនេះ គឺជាឱកាសទាក់ទាញភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងនៅពិធីបុណ្យទន្លេ ហើយឆ្លៀតមកលេងនៅតំបន់ទេសចរណ៍ទំាងនេះផង ដើម្បីអោយភ្ញៀវកាន់តែមានជម្រើស និងគ្មានការធុញទ្រាន់ពេលអញ្ជើញមកកាន់ខេត្តបាត់ដំបង។
សំលេង«យើងបានពង្រឹងបន្ថែមនៅរមណីយដ្ឋានថ្មីៗនៅអេកូរីសឹមហើយនិងជាកសិទេសចរ យើងមានច្រើនកន្លែងសម្រាប់ភ្ញៀវទៅទស្សនា ហើយយ៉ាងណាមិញក៏យើងពង្រឹងនៅតំបន់កំសាន្តណូរីដែលនៅជើងភ្នំបាណន់ ក៏យើងបានពង្រីកបន្ថែមនូវព្រឹត្តការណ៍នៅពេលដែរភ្ញៀវទៅលេងហើយ កុំឲ្យឃើញដដែលៗ »។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ថា មន្ទីរទេសចរណ៍បានពង្រឹងបន្ថែមទៀតនៅតាមតំបន់ទេសចរណ៍ក៏ដូចជាសហគមន៍និមួយៗ ទាក់ទងនិងផ្នែកអនាម័យ ទីតាំងចំណត បង្គន់អនាម័យនិងផ្លូវធ្វើដំណើរជាដើម ដើម្បីងាយស្រួលឲ្យភ្ញៀវទៅលេងកម្សាន្ត ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៦០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ប្រមាណ ៥៨៤,៤០០នាក់ (ហាសិបប្រាំបីម៉ឺនបួនពាន់បួនរយ) និងភ្ញៀវទេសចរអន្តរជាតិជាង ១០,១៧០០នាក់ (ដប់ម៉ឺនមួយពាន់ប្រាំពីររយ ) ៕