ក្រសួងសាធារណការសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជួយដល់ជនពិការឲ្យមានប្រភពចំណូល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ វ៉ាង​ ភក្តី​៖

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយដល់ជនមាន ពិការភាពដូចជា អ្នកបើកបរថ្លង់ និងមានបញ្ហាក្នុងការស្តាប់អាចរកចំណូលផ្គត់ផ្គង់ជីវភាពកាន់តែប្រសើរឡើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) និងក្រុមហ៊ុន Grab ដើម្បីជំរុញ លើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកមានបញ្ហាក្នុងការស្តាប់ និងពិការភាព អាចទទួលបាននូវឱកាសការងារ ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់អ្នកមានពិការភាពឲ្យរស់នៅបានសមរម្យ ក៏ដូចជាលើកកម្ពស់ដល់ជនពិការឲ្យទទួលបានសុវត្ថិភាពសាធារណៈ និងភាពសុខដុមរម្យនានៅក្នុងសង្គម។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការគម្រោង Grab for Good គាំទ្រដល់មនុស្សថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយដែលនឹងផ្តល់ផលល្អសម្រាប់សង្គមកម្ពុជា និងជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមភាពជាដៃគូក្នុងការបង្កើនឱកាសសម្រាប់ជនពិការ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី មានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយនឹងការចូលរួមពីដៃគូ និងក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុន បានបង្កើតឱកាសរកចំណូល និងការងារធ្វើជូនមនុស្សថ្លង់ និងអ្នកមានបញ្ហាក្នុងការស្តាប់នៅកម្ពុជា ដែលពួកគាត់តែងជួបប្រទះកង្វះខាតជម្រើសនៃការធ្វើទំនាក់ទំនងមិនមែន តាមរយៈពាក្យសម្តី ដែលជាឧបសគ្គសម្រាប់ពួកគាត់ក្នុងក្នុងការស្វែងរកឱកាសការងារធ្វើ៕