ប្រធានធនាគារ IsDB របស់ប្រទេសអារ៉ាប់ប៊ីសាវអូឌីត បើកទូលាយដើម្បីឱ្យនិស្សិតដែលជា សាសនិកមូស្លីមកម្ពុជាទទួលបានអាហារូករណ៍ ដោយមិនកំណត់កូតាទៀតឡើយ

AKP ជិតដះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ —

នៅពេលកន្លងមកថ្មីៗនេះ ឯកឧត្តមបណ្ឌិតឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសំដែងការគួរសម និង ពិភាក្សាការងារ ជាមួយ ឯកឧត្តម បណ្ឌិត Bandar M. H. Hajjar  ប្រធានធនាគារ IsDB ដែលជាអតីត រដ្ឋមន្ត្រីក្រសួងហាជ្ជី នៅក្រុងជិតដះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំ ដល់ឯកឧត្តម ប្រធានធនាគារ IsDB ក្នុងការបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតដែលជាសាសនិកមូស្លីមកម្ពុជា និង ការសាងសង់សំណង់លើវិស័យអបរំ និង មជ្ឈមណ្ឌល ដែលកន្លងមកមានចំនួន៧គំរោងដែល IsDB បានសម្រេចអនុម័តក្នុងថវិកាជាង ២,១ លានដុល្លារ ដែលបានផ្ដល់តាមរយៈអង្គការ សមាគម ក្នុងនិងក្រៅប្រទេសនោះ និង ស្នើសុំ ការគាំទ្រលើគំរោងថ្មីៗបន្ថែមទៀត ។

ឯកឧត្តម បណ្ឌិត Bandar M. H. Hajjar  ប្រធានធនាគារ IsDB មានប្រសាសន៍ថា ធនាគារ IsDB បានបើកទូលាយដើម្បីមូស្លីមកម្ពុជាទទួលបានអាហារូករណ៍ ដោយមិនកំណត់ទៀតឡើយ ដោយចុះឈ្មោះប្រឡង អនុវត្តតាមប្រព័ន្ធអនឡាញ ដែលមិនមានការបែងចែកថា ជាប្រទេសសមាជិក OIC ឬ មិនមែនជាសមាជិកOIC នោះឡើយ ហើយ ឯកឧត្តម ក៏នឹងបន្តគាំទ្រនូវគំរោងថ្មីៗបន្តទៀត ។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមប្រធាន IsDB បានសំដែងសេចក្តីរំភើបរីករាយ នៅពេលដែលបានដឹងថា និស្សិតអាហារូបករណ៍ IsDB ដែលបានបញ្ចប់ការសិក្សាហើយនោះ បច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសអោយ មានតួនាទីជាសមាជិករដ្ឋសភា ០១រូប រដ្ឋលេខាធិការ ០៣រូប អនុរដ្ឋលេខាធិការ០៣ រូប និងមានជាមន្ត្រីនៅតាមបណ្តាក្រសួង មន្ទីរ និងវិស័យឯកជនសឹងទាំងអស់ លើកលែងតែនិស្សិតដែលកំពុងនៅសិក្សាបន្តប៉ុណ្ណោះ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានធនាគារ IsDB ក៏បានផ្ដល់អនុសាសន៍ល្អៗ ដល់ស្ថាប័នហាឡាលកម្ពុជាយើង ត្រូវខិតខំស្វែងរកចាប់ដៃគូរវិនិយោគលើវិស័យហាឡាល ជាមួយនឹងបណ្ដាប្រទេសជាសមាជិក OIC ដែលមានទីផ្សារហាឡាល យ៉ាងធំ នៅលើសាកលលោក ហើយដែលធនាគារ IsDB អាចផ្ដល់ឥណទាន អភិវឌ្ឍ តាមរយៈនោះ ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានធនាគារ IsDB ក៏បានផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខ ដោយក្ដីគោរពស្រលាញ់ និងកក់ក្តៅបំផុត ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ធនាគារ IsDB មានការផ្ដល់ឥណទាន ជាច្រើនលើវិស័យឧស្សាហកម្មហាឡាល សំរាប់ផ្គត់ផ្គង់ក្នុងស្រុក និង ធ្វើការនាំចេញសំរាប់បណ្ដាប្រទេសជាសមាជិក OIC ជាច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា លោកនឹងខិតខំបន្តធ្វើការទំនាក់ទំនង ជាមួយនឹងឯកឧត្តមប្រធានធនាគារ IsDB ដើម្បីឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត។

គួររំលឹកជូនបន្តិចថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏ធ្លាប់បានទៅជួប ឯកឧត្តម Bandar M. H. Hajjar  ប្រធានធនាគារ IsDB ផងដែរ ដើម្បីស្នើសុំ កុំទាន់អោយមានការកំណត់កូតាហាជ្ជី ត្រឹម ៦០០នាក់ដល់សាសនិកមូស្លីមកម្ពុជា។ ពេលនោះ ក្នុងនាម សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម អូស្មាន ហាស្សាន់ បានស្នើសុំចំនួន ១២០០នាក់សំរាប់រយៈពេល ០៥ឆ្នាំ ហើយប្រធាន IsDB ក៏បានឯកភាពយល់ព្រម ៕

ដោយ កៅ អ៊ីមរ៉ន