រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍រយៈពេល១៤៩ថ្ងៃលើកំណាត់ផ្លូវ៣៧១ ចាប់ពីលេខ២០០៤ ដល់ផ្លូវលេខ២០០៦

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍រយៈពេល១៤៩លើកំំាត់ផ្លូវលេខ៣៧១ ចាប់ពីលេខ២០០៤ ដល់ផ្លូវលេខ ២០០៦ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខនិងខណ្ឌមានជ័យរាជធានីភ្នំពេញ ដើម្បីស្ថាបនាស្ពានទ្វារទឹកដើមស្លែងឆ្លងកាត់ប្រឡាយស្ទឹងមានជ័យមានដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម។
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះបានជម្រាបជូនដំណឹងថា រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមសាងសង់ស្ពានបេតុងថ្មីត្រង់ចំណុចទ្វារទឹកដើមស្លែងនិងដាក់លូប្រអប់មេតាមបណ្ដោយផ្លូវលេខ ៣៧១ទំហំមុខកាត់២.៥ម៉ែត្រ ×២.៥ម៉ែត្រ មានចំនួន ៣ជួរ ប្រវែង២៦១ ម៉ែត្រ តភ្ជាប់ទៅប្រឡាយស្ទឹងមានជ័យដែលអាចរំដោះទឹកចេញពីតំបន់ខាងកើតនិងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញជាពិសេសតំបន់សឡាផ្លូវលេខ ២០០៤ ផ្លូវណ័រប្រីត ទៅផ្លូវដួងងៀប។
ប្រភពបន្តថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ចប់ការដ្ឋានមានរយៈពេល១៤៩ថ្ងៃដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់លើកលែងតែទោចក្រយានយន្ត។
សេចក្តីជូនដំណឹងបានអៈអាងថា ការស្ថាបនាស្ពាននេះដើម្បីដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀងនៅរដូវវស្សាដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញនិងដោយពិនិត្យឃើញពីស្ថានភាពស្ពានទ្វារទឹកដើមស្លែង ដែលឆ្លងកាត់ប្រឡាយស្ទឹងមានជ័យមានសភាពចាស់ទ្រុឌទ្រោមនិងមានទំហំតូចដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹកនិងប្រឡាយស្ទឹងមានជ័យ។
រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលធ្វើដំណើរឆ្លងកាត់ស្ពានទ្វារទឹកដើមស្លែង តាមបណ្ដោយផ្លូវ
លេខ៣៧១ ចាប់ពីលេខ២០០៤ ដល់ផ្លូវលេខ ២០០៦ ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខនិងខណ្ឌមានជ័យរាជធានីភ្នំពេញមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាននិងផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងនិងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើទៅតាមផែនទីពង្វាងចរាចរណ៍ដែលបានជូនភ្ជាប់ជាមួយដើម្បីសម្រួលការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕