អគ្គស្នងការនគរបាលជាតិ ដាក់ចេញវិធានការសន្តិសុខ០៦ចំណុច សម្រាប់ការការពារ សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាម មុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — អគ្គស្នងការនគរបាលជាតិកម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញផែនចំនួន ៦ចំណុចសំខាន់ៗ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់​របៀប​រៀបរយ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ នៅពេលខាង​មុខនេះ។ ក្នុងវិធានការទាំង០៦ចំណុចនេះ រួមមាន៖ ការយកចិត្តទុកដាក់​ប្រមូលព័ត៌​មានពាក់​ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឱ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឱ្យសង្គមមានចលាចល និងចាត់វិធាន​ការ​ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូច​ជាទី​សក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឱ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេស​សកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។ ឯកឧត្ដម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឱ្យយកចិត្តទុកដាក់​រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្ត ច្បាប់​​ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ​ធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្ដតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅ​ដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។ លើសពីនេះទៀត ក៏​ត្រូវសហការជាមួយអាជ្ញាធរ​ដែនដី រម្លឹកដាស់តឿនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅ​ពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឱ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទះផ្សេងៗ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាឱ្យប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើត​ឡើង​ជាយថាហេតុ និងត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មាន ឱ្យ​បានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ ដែលកើតមានឡើងជាយថាហេតុ ឱ្យបាន​ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ៕

ដោយ ចាន់ សុធីវង្ស