សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងទីក្រុងកង់បេរ៉ា និងបានជម្រាបពីការរីកចម្រើនរបស់ប្រទេសជាតិ ដល់ពលរដ្ឋបានដឹង

វិទ្យុជាតិកម្ពជា៖

ឆ្លៀតពីការចូលរួមកិច្ចប្រជុំ APPF លើកទី២៨ ក្នុងប្រទេសអូស្រ្តាលី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាល សាកសួរសុខទុក្ខ និងទទួលទានអាហារជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតកំពុងរស់នៅ និងសិក្សានៅក្នុងទីក្រុងកង់បេរ៉ា និងរដ្ឋនៅក្បែរៗនោះ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នៅស្ថានទូតខ្មែរ ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី។

ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី បានលើកឡើងថា ប្រជាពលរដ្ឋ និស្សិតដែលបានមកស្វាគមន៍សម្តេច បានបង្ហាញក្តីនឹករលឹកជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេច ដែលបានតស៊ូរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម និងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសសម្តែងការគំាទ្រនិងសប្បាយរីករាយ ចំពោះការរីកចម្រើន សុខសន្តិភាព ដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ និងសូមឲ្យថ្នាក់ដឹកនាំ ពលរដ្ឋនៅក្នុងប្រទេសរួមគ្នាថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍជាអចិន្រ្តៃយ៍ទៅ។ ពួកគាត់មិនចង់ឃើញប្រទេសជាតិមានសង្រ្គាមដែលនាំឲ្យខ្មែរបែកបាក់គ្នា និងរត់មករស់នៅប្រទេសគេទៀតនោះទេ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី ដែលបានទទួលស្វាគមន៍សម្តេច តំាងពីពេលមកដល់ព្រលានយន្តហោះមកម្លះ។ ជាមួយគ្នានេះ សម្តេចបានអរគុណប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់ក្រៅប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលីនេះ ដែលជានិច្ចកាលតែងគាំទ្រ ទាំងផ្នែក ស្មារតី និងសម្ភារៈដល់ប្រជាជននៅក្នុងប្រទេស ក្នុងការរួមចំណែក កសាង និងអភិវឌ្ឍប្រទេសតាំងពីដើមរៀងមក។

សម្តេចបានផ្តាំផ្ញើដល់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា នៅប្រទេសអូស្រ្តាលី ប្រជាពលរដ្ឋទំាងអស់ ចេះជួយយកអាសាគ្នាគ្រប់ពេលវេលា មានអធ្យាស្រ័យគ្នា និងថែរក្សាឲ្យបានភាពថ្លៃថ្នូរជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបពលរដ្ឋខ្មែរ នៅនាយសមុទ្រពីសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេស ពិសេសការអភិវឌ្ឍរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីប្រវត្តិសង្រ្គាមនៅកម្ពុជា និងចលនាតស៊ូរបស់ឥស្សរជនស្នេហាជាតិ ដែលរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម និងការតស៊ូកសាងជាតិ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ សម្តេចបានបន្តថា ហែរឆ្លងការលំបាកជាង៤០ឆ្នាំមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្រ្គាមស៊ីវិលដ៏រ៉ាំរៃ បង្ហូរឈាម ពីការបែកបាក់ជាតិ និងបែកបាក់ទឹកដី មកជាប្រជាជាតិមួយ ដែលមានសន្តិភាព ឯកភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ បណ្តាញអគ្គិសនី រហូតដល់ជនបទដាច់ស្រយ៉ាលគ្រប់ច្រកល្ហក ប្រព័ន្ធ ធារាសាស្ត្រខ្វាត់ខ្វែង នៅគ្រប់តំបន់ ជនបទ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានកសាង និងកែលំអ នៅគ្រប់ភូមិ ឃុំ និគមជនបទ និង ហេដ្ឋរចនាសម្ព័ន្ធរូបវន្តដទៃទៀត រាប់មិនអស់ ដែលក្នុងនោះ តំបន់ភាគច្រើនមិនធ្លាប់មានការអភិវឌ្ឍទាល់តែសោះ នៅក្នុងរបបនយោបាយមុនៗ៕