សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាមកពីប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា៖ លោក ជៀងយ៉ារ៉េត

សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចបជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមធ្លាប់បានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយឯកឧត្តមបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ឯកឧត្តមបានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ ឯកឧត្តមបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរ ការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺឯកឧត្តមមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឯកឧត្តម មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង ៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណ និង ជូនពរ ឯ.ឧ យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សូមទទួលបាននូវភាពជោគជ័យក្នុងកិច្ចការងារនេះ៕