ក្រុមហ៊ុនវិនិយោគចិន បានប្រកាស ដាំដំណាំកប្បាសលើផ្ទៃដី១០ម៉ឺនហិចតា នៅខេត្តកំពង់ស្ពឺ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី

MC៖ ក្រុមហ៊ុនវិនិយោគចិន បានប្រកាស ដាំដំណាំកប្បាសលើផ្ទៃដី១០ម៉ឺនហិចតា នៅខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកបង្កើនជីវភាពប្រជាកសិករកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក តឹក ង៉ូយ តំណាង លោក Li Zheng ប្រធានវិទ្យាស្ថានដំណាំ កសិកម្មទូទាំង ប្រទេសចិន បានមានប្រសាន៍ថា នេះជាលើកទី២ ហើយដែល វិទ្យាស្ថានដំណាំ កសិកម្មទូទាំងប្រទេសចិន រួមជាមួយក្រុមហ៊ុន វិនិយោគរបស់រដ្ឋចិន បានមកធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើការដាំដុះ ដំណាំកប្បាស នៅក្នុងប្រទេសកម្ពុជា។លោក បន្តថា សម្រាប់ជំហ៊ានដំបូង នឹងធ្វើការដាំដុះក្នុងខេត្តកំពង់ស្ពឺ លើផ្ទៃដី១០ម៉ឺនហិចតា ហើយបើជោគជ័យ នឹងបន្តធ្វើដាំដុះនៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។ លោក បញ្ជាក់ថា ការជ្រើសរើសយកប្រទេសកម្ពុជា ក្នុងកាដាំដុះដំណាំកប្បាសនេះ គឺដើម្បីជួយដល់ប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងបង្កើនចំណូលថវិកាជាតិថែមទៀតផង ជាពិសេស ក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរមកកំសាន្តផងដែរ នៅពេលដែលកប្បាសចេញផ្កា។លោក បានលើកជាឧទាហរណ៍ ដូចជានៅប្រទេសជប៉ុន ពេលដែល ផ្កា សាគួរ៉ា ចេញផ្កា គឺមានភ្ញៀវទេសចរ ចូល ទស្សនា រាប់លាននាក់ ។ ដូច្នេះបើសិនជា ប្រទេសកម្ពុជា អាចដំណើរការដាំកប្បាស បាននៅទូទាំង២៥ខេត្តក្រុង នឹងក្លាយជាឋានសួគ៌ សួនច្បារ ផ្កា ស ក្បុស ដែលជាការទាក់ទាញភ្ញៀវទេសចរ ចូលមើលកំសាន្ត បានយ៉ាងច្រើន។
តាមការបញ្ចាក់របស់ លោក តឹក ង៉ូយ បានអោយដឹងដែរថា ការវិនិយោគលើដំណាំកប្បាស នេះ គឺខាងភាគីចិន ជួយធ្វើការបណ្តុះបណ្តាលការងារបច្ចេកទេស ផ្តល់ពូជ ជី និងការថែទាំ ដល់ប្រជាកសិករខ្មែរ ហើយពេលប្រមូលផល គឺលក់មកអោយក្រុមហ៊ុនតែម្តង ។ លោក បន្ថែមថា ដំណាំកប្បាសនេះ គឺមានតំលៃថ្លៃ ជាងការដំណាំស្រូវ ហើយវាមានភាពងាយស្រួលដាំ ដែលអាចរកចំណូលបានខ្ពស់ សម្រាប់កសិករ ។គម្រោងដំាកប្បាសនេះ នឹងអាចដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីក្រុមហ៊ុន ធ្វើការចុះ អនុស្សារណៈ ជាមួយអាជ្ញាធរ ខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ ចំពោះគម្រោងការ ដាំដំណាំកប្បាស នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុន របស់ប្រទេសចិន ។ ឯកឧត្តម បានសន្យាក្នុងការជួយសម្រួល និងធ្វើទំនាក់ទំនងជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីពន្លឿនកិច្ចការងារនេះ អោយបានដំណើរការឆាប់រហ័ស ហើយ ឯកឧត្តម បានជូនពរអោយគម្រោង ជំហ៊ានដំបូងនេះទទួលបានជោគជ័យ ៕