ក្រសួងកសិកម្ម អំពាវនាវដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ

វិទ្យុជាតិកម្ពុជា÷ លោកស្រី ធីណា ឌីណេ
MC៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អំពាវនាវដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈកម្ពុជាចាប់ផ្តើមផ្លាស់ប្តូរពីរដូវវស្សាចូលដល់រដូវប្រាំង ដែលជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ ដោយសាអាកាសធាតុក្តៅ ហួតហែងខ្លាំង ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា បាតុភូតធម្មជាតិដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃ ដែលបង្កឡើងដោយសារ សកម្មភាពរបស់មនុស្សផ្ទាល់ តាមរយៈសកម្មភាពដូចជា ការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ទុកភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសរបស់មនុស្ស ជាដើម។ប្រភពដដែលថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ បានបង្កឱ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវនិងភូមិកររបស់ប្រជាពលរដ្ឋ ហើយបានបង្កវិនាសកម្ម និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិនិងបរិស្ថានផងដែរ។ តាមរយៈកត្តាទាំងអស់នេះ ក្រសួងកសិកម្ម បានជំរុញដល់អង្គភាពជំនាញ មន្ទីរកសិកម្ម រដ្ឋបាលមូលដ្ឋាន រួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្ម ត្រូវអនុវត្ត ទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីយកឃ្មុំ ការដុតស្ទាក់ចាប់សត្វ និងការដុតវាលស្មៅដើម្បី យកល្បាស់ធ្វើចំណីសត្វពាហនៈ។ ត្រូវទប់ស្កាត់ការកាប់ឆ្ការ គាស់រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀតដែលជាសកម្មភាពល្មើសច្បាប់ និងនាំមកនូវភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវនិងភូមិរបស់ប្រជាពលរដ្ឋ។ ប្រសិនក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តសាមី ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។ ចំពោះការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ (ដុតរណ្តៅជ័រ) ត្រូវណែនាំពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើឡោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។ ដោយឡែកក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្នហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមាន ប្រជាពលរដ្ឋ សហគមន៍សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាដើម ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។ ក្រសួង សង្ឃឹមនិងទំនុកចិត្តចំពោះគ្រប់ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ សិស្សានុសិស្សព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់បានយល់ច្បាស់ពីករណីយកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិត ស្និទ្ធជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត អនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីពេលនេះតទៅ៕