អាជ្ញាធរខេត្តបាត់ដំបងពន្លឿនការរៀបចំកែលំអហេដ្ឋារចនាសម្ពន្ធ័ឲ្យបានល្អសំរាប់ ព្រឹត្តិការណ៍បុណ្យទន្លេខាងមុខ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC អាជ្ញាធរខេត្តបាត់ដំបងពន្លឿនការរៀបចំកែលំអហេដ្ឋារចនាសម្ពន្ធ័ឲ្យបានល្អសំរាប់ព្រឹត្តិការណ៍បុណ្យទន្លេខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តនៅខេត្តបាត់ដំបងបានកាន់តែច្រើន។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្រ្តីជំនាញពាក់ព័ន្ធទូទាំងខេត្តបាននឹងកំពុងរៀបចំវេទិការនៅទីតាំងមុខដើមពោធិ៍ប្របតាមដងស្ទឹងសង្កែឲ្យបានធំទូលាយ កែលម្អច្រាំងស្ទឹងសង្កែឲ្យបានល្អស្អាត ការរចនាដាក់ភ្លើងចម្រុះពណ៌ រៀបចំអនាម័យបរិស្ថាន ធុងសំរាម បង្គន់អនាម័យ កែលម្អសោភ័ណភាពសួនច្បារ ដើម្បីធានាឲ្យទីតាំងប្រារព្ធពិធីបុណ្យទន្លេខែមីនាខាងមុខ មានសោភ័ណ ភាពស្រស់ស្អាត ដែលជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ត្រីជំនាញក៏បានចុះណែនាំអប់រំដល់ក្រុមអាជីករនៅតាមផ្លូវលេខ១ ឲ្យធ្វើការរៀបចំតូបលក់ដូរ និងដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ កែលំអបរិស្ថានអនាម័យ គុណភាពសេវាកម្ម នៅក្នុងទីតាំងរបស់ខ្លូនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោនីយដ្ឋាន និងត្រូវកំណត់តម្លៃអោយបានសមរម្យជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកចូលរួមពិធីបុណ្យទន្លេនេះឲ្យបានច្រើនកុះករ ។
លោកបានបញ្ជាក់ថា អាជ្ញាធរខេត្តចាំបាច់ណាស់ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងប្រារព្ធពិធីបុណ្យទន្លេនេះឲ្យបានស្អាត រួមទាំងពង្រឹងគុណភាពទេសចរណ៍ឲ្យបានល្អជាទីបំផុត ព្រោះវាចាត់ទុកជាព្រឹត្តិការណ៍បុណ្យជាតិដ៏ធំ ដែលបង្ហាញពីមុខរបស់ខេត្តបាត់ដំបងផង និងទាក់ទាញភ្ញៀវទេសចរឲ្យស្គាល់និងមកលេងខេត្តបាត់ដំបង បានកាន់តែច្រើនជាងមុន ។
សំឡេង ៖ ទីមួយធំ គឺយើងបានបង្កើតព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ។ ទី២ យើងបានធ្វើឱ្យទីក្រុងយើងស្អាតជាងមុន ទាំងសណ្ដាប់ធ្នាប់ ទាំងអនាម័យទាំងភ្លឺបំភ្លឺ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលយើងពង្រឹងបន្ថែម ជាពិសេសសោភ័ណភាពស្ទឹងសង្កែតែម្ដងរីឯប្រយោជន៍ផ្សេងៗប្រជាពលរដ្ឋបានទទួលផលចំណូលបន្ថែមពីព្រឹត្តិការណ៍ទាំងនេះ ដូចជាការលក់ដូរ បង្កើតសណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន អាហារដ្ឋាន សូម្បីម៉ូតូឌុប តាក់ស៊ីក៏គាត់បានទទួលផលដែរ ទោះបីជាប្រជាពលរដ្ឋមិនបានទទួលផលដោយផ្ទាល់ពីវិស័យនេះ ប៉ុន្តែផលប្រយោជន៍នោះគឺ មូលដ្ឋានអាជីវកម្មគឺបានចំណូល ។
លោកប្រធានមន្ទីរទេសចរណ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងមកលេងកម្សាន្តក្នុងពិធីបុណ្យទន្លេនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជួយថែរក្សាអនាម័យបរិស្ថានអោយបានស្អាត ក្នុងន័យជួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។ លោកបន្តថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ខាងមុខ ហើយមានព្រឹត្តិការណ៍កម្សាន្តសប្បាយធំៗជាច្រើន ដូចជា កម្មវិធីសម្តែងសិល្បៈបុរាណសម័យ ការដាំដើមឈើ ស្តង់ដាក់តាំងលក់ទំនិញគ្រប់មុខ ម្ហូបអាហារ សម្លៀកបំពាក់ ផលិតផលតំណាងស្រុកនីមួយៗ ការដាំដើមឈើ ការប្រណាំងទូក កីឡាគ្រប់ប្រភេទ និងល្បែងកំសាន្តជាច្រើនទៀត ដើម្បីបំរើការកម្សាន្តសប្បាយគ្រប់ប្រភេទ ជូនដល់អ្នកចូលរួម ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅនេះ ព្រឹត្តិការណ៍បុណ្យទន្លេត្រូវបានរៀបចំឡើងនៅខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមជាង៥០ម៉ឺននាក់៕