ធនាគារជាតិនៃកម្ពុជា ថា អតិផរណាឆ្នាំ២០២០ អាចងើបឡើងវិញ

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី

MC: ធនាគារជាតិនៃកម្ពុជា បានធ្វើការព្យាករណ៍ថា អតិផរណាឆ្នាំ២០២០ នឹងអាចកើនឡើងវិញមកនៅកម្រិត២,៣ភាគរយ បន្ទាប់ពីឆ្នាំ២០១៩កន្លងទៅ បានធ្លាក់ចុះរហូតដល់១,៩ភាគរយ ដែលជាចំនួនមួយខ្ពស់បើធៀបនឹងឆ្នាំ២០១៨។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការងើបឡើងវិញបន្តិចនៃអតិផរណានៅកម្ពុជានេះ អាចមកពីកត្តានៃកំណើនថ្លៃម្ហូបអាហារ ដែលកម្ពុជានាំចូលចម្បងពីប្រទេសវៀតណាម និងថៃ ព្រមទាំងកំណើនថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករានេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកកម្ពុជា បានលើកឡើងថា ធនាគារកណ្តាលបានអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម តាមរយៈការបន្ទាបអត្រាការប្រាក់គោល ឬ ការចាក់បញ្ចូលទុនទៅក្នុងទីផ្សារក្នុងពេលដែលអតិផរណាស្ថិតក្នុងកម្រិតទាបនៅឡើយ ដើម្បីគាំទ្រកំណើន និងពង្រឹងស្ថិរភាព សេដ្ឋកិច្ច ខណៈវិស័យធនាគារមានសុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ បរិយាបន្នហិរញ្ញវត្ថុ លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ធនាគារកណ្តាល បានខិតខំរក្សាស្ថិរភាពតម្លៃនៃអត្រាប្តូរប្រាក់ ទប់ស្កាត់ប្រតិបត្តិការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម អនុវត្តដោយប្រុងប្រយ័ត្ននូវស្ថិរភាពថ្លៃទំនិញ ជាដើមនេះ ដើម្បីទប់ស្កាត់ការឡើងអតិផរណានាពេលខាងមុខ និងរក្សានូវកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យស្ថិតក្នុងរង្វង់កំណើន៧ភាគរយ ខណៈពិភពលោក និងបណ្តាប្រទេសអាស៊ានប្រឈមនឹងហានិភ័យមួយចំនួនមកពីសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
សូមបញ្ជាក់ថា ការធ្លាក់ចុះនៃអតិផរណា ក្នុងឆ្នាំ២០១៩កន្លងទៅ បានមកពីការថមថយនៃកំណើនថ្លៃក្រុមម្ហូបអាហារចំនួន១,៩ភាគរយ ដែលមានសមាមាត្រធំជាងគេក្នុងកន្ត្រកទំនិញប្រើប្រាស់ ស្របពេលដែលក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានធ្លាក់ថ្លៃចំនួន១,២ភាគរយ។
អត្រាអតិផរណា កាលពីឆ្នាំទៅមានភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំនៃលំហូរមូលធន ដែលបានជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា៕