វៀតណាមលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចក្រភពអង់គ្លេស

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Tran Ngoc An បានអះអាងថាវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ បានគាំទ្រកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងអាស៊ាន និងចក្រភពអង់គ្លេស នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខ និងកិច្ចអភិវឌ្ឍន៍។

នៅក្នុងសុន្ទរកថារបស់លោក នៅឯវេទិកាអាហារពេលព្រឹកសម្រាប់ធុរកិច្ចចក្រភពអង់គ្លេស -អាស៊ាន (UKABC) ស្តីពីអាស៊ានឆ្នាំ ២០២០ ដែលបានប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ​ ២០២០ ឯកអគ្គរដ្ឋទូតវៀតណាម លោក An បាននិយាយថា រដ្ឋជាសមាជិកអាស៊ានស្វាគមន៍សុឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីផលប្រយោជន៍ និងវិបុលភាពរបស់ប្លុកនេះ។

ដោយអបអរសាទរចំពោះការងារ និងគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ានពីមុន ដូចជាប្រព័ន្ធទីក្រុងឆ្លាតវៃរបស់សិង្ហបុរី និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសថៃ អ្នកការទូតរូបនេះបានជូនដំណឹងថា ប្រទេសវៀតណាមបានដាក់ចេញនូវប្រធានបទ «ភាពស្អិតរមួត និងការទទួលខុសត្រូវ» សម្រាប់អាស៊ានក្នុងកំឡុងពេលដែលខ្លួនមានតួនាទីជាប្រធានប្លុកនេះ។

ឯកអគ្គរដ្ឋទូតនេះបានកត់សម្គាល់ថា ឆ្នាំនេះប្រទេសវៀតណាមក៏បានចាប់ផ្តើមកាន់កាប់តួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដូច្នេះប្រទេសនេះនឹងធ្វើការដើម្បីលើកកម្ពស់ផលប្រយោជន៍អាស៊ាននៅក្នុងក្រុមប្រឹក្សានេះ ហើយនឹងធ្វើជាស្ពានរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដូច្នេះប្លុកនេះអាចអនុវត្តន៍ផែនការរបស់ខ្លួនស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិបាន។

វេទិកានេះបានទាក់ទាញការចូលរួមពីតំណាងមកពីការិយាល័យកិច្ចការបរទេស និងភាវូបនីយកម្មចក្រភពអង់គ្លេស នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងអង្គការ ក្រុមហ៊ុនអាជីវកម្មដែលមានកេរ្តិ៍ឈ្មោះ ដូចជា ACCA, Asia House, HSBC, Shell, Vietnam Airlines រួមជាមួយស្ថានទូតនៃប្រទេសជាសមាជិកអាស៊ាន។ គណៈប្រតិភូនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានពិភាក្សាអំពីទស្សនវិស័យរបស់អាស៊ាន ក៏ដូចជាអាទិភាពរបស់ចក្រភពអង់គ្លេសក្នុងការចូលរួមអាស៊ាននៅឆ្នាំ ២០២០ និងឆ្នាំក្រោយៗផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)