កិច្ចពិភាក្សាអំពីបញ្ហាគួរឱ្យកត់សម្គាល់នៃការធ្វើជាប្រធានអាស៊ានរបស់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០​ — វិទ្យាស្ថានមជ្ឈិមសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច (CIEM) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ អាស៊ាន និងអាស៊ីបូព៌ា ( ERIA ) បានរៀបចំកិច្ចពិភាក្សាតុមូល ជាមួយទីភ្នាក់ងារសារព័ត៌មាននានា នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ ដើម្បីចែករំលែកព័ត៌មានថ្មីៗស្តីពីអាស៊ាន នឹងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម។

នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងហាណូយនេះ ទីប្រឹក្សាជាន់ខ្ពស់នៃ ERIA លោក Kavi Chongkittavorn បាននិយាយថា មានបញ្ហាសំខាន់ៗចំនួន ៧ ក្នុងឆ្នាំដែលប្រទេសវៀតណាមធ្វើជាប្រធានអាស៊ាន ហើយភាពជោគជ័យរបស់ប្រទេសនេះ គឺអាស្រ័យលើការដោះស្រាយបញ្ហាប្រឈមទាំងនេះ។

យោងតាមលោក Kavi បានឱ្យដឹងថា បញ្ហាដែលវៀតណាមនឹងត្រូវដោះស្រាយរួមមាន កិច្ចប្រជុំកំពូលអាស៊ាន – សហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងត្រីមាសទី ១ នៃឆ្នាំនេះ  វឌ្ឍនភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចចរចាស្តីពីសេចក្តីព្រាងក្រមប្រតិបត្តិនៅសមុទ្រខាងកើតដែលមានកិច្ចប្រជុំចំនួន ៦ ដែលគ្រោងធ្វើនៅឆ្នាំ ២០២០ នឹងការបង្កើនតួនាទីអាស៊ាននៅក្នុងដំណើរការសន្តិភាពរវាងកូរ៉េទាំងពីរ និងការរំសាយអាវុធនុយក្លេអ៊ែរនៅសាធារណរដ្ឋកូរ៉េ។

លោកបាននិយាយថា វៀតណាមក៏នឹងត្រូវដោះស្រាយផងដែរអំពីវិធីដើម្បីតំណាងឱ្យអាស៊ានក្នុងការពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា របៀបដែលអាស៊ានអាចដឹងពីទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ – ប៉ាស៊ីហ្វិក និងវិធីដើម្បីធានាថា មេដឹកនាំនៃដៃគូសំខាន់ៗមួយចំនួន ដូចជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ នៅទីក្រុងហាណូយនាខែវិច្ឆិកាខាងមុខនេះ។

នាយក CIEM លោក Tran Thi Hong Minh បាននិយាយថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រទេសវៀតណាមមានការទទួលខុសត្រូវក្នុងការបង្រួបបង្រួមសាមគ្គីភាព និងសមត្ថភាពរបស់ប្លុក។ ជំរុញការអភិវឌ្ឍរបស់ខ្លួន និងជំរុញការតភ្ជាប់ក្នុងតំបន់ និងការតភ្ជាប់សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ ប្រទេសនេះនឹងខិតខំប្រឹងប្រែងឆ្ពោះទៅការកែលម្អការទទួលខុសត្រូវរបស់អាស៊ាន ចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងស្ថានភាពពិភពលោក និងបញ្ហាប្រឈមដែលកំពុងកើតមានឡើង។

លោក Chongkittavorn បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមនឹងធ្វើជាប្រធានអាស៊ានក្នុងលក្ខណៈសកម្ម និងគួរឱ្យទុកចិត្តក្នុងការពង្រឹងតួនាទីស្នូលរបស់ប្លុក ធានាឱ្យបាននូវភាពស្ថិតស្ថេរជាមួយក្របខ័ណ្ឌដែលបានអនុម័តក្នុងឆ្នាំដែលថៃ នឹងសិង្ហបូរីធ្វើជាប្រធាន ហើយភ្ជាប់ទំនាក់ទំនងជាប្រធានអាស៊ានជាមួយតួនាទីរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងថ្នាក់តំបន់ និងថ្នាក់សកលលោក។

ERIA គ្រោងនឹងសម្របសម្រួលជាមួយភាគីវៀតណាមដើម្បីរៀបចំកិច្ចប្រជុំតុមូលជាមួយអ្នកនិពន្ធនានានៅទីក្រុងហាណូយក្នុងខែតុលាខាងមុខនេះ។  ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខ្លួនបានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅក្នុងប្រទេសដែលទទួលធ្វើជាប្រធានអាស៊ាន ដើម្បីលើកកម្ពស់ចំណេះដឹងរបស់ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់អំពីបញ្ហាទាក់ទងនឹងអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)