ប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ ៣គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ទទួល អំណោយសង្គ្រោះបន្ទាន់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖


លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីសាខា និងអាជ្ញាធរមូលដ្ឋាន នាំអំណោយសង្គ្រោះបន្ទាន់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យ ៣គ្រួសារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជាមួយការពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្ដមខេត្ត អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាមជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ទាំង៣គ្រួសារ លោកជំទាវ ប៉ាង ដានី បានចូលរួម នូវការសោកស្ដាយ ចំពោះ គ្រោះថ្នាក់នេះ ដែលបានធ្វើឲ្យបងប្អូនបាត់បង់ ទាំងទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដែលរកបានមកដោយការលំបាកបំផុត ហើយត្រូវបានបំផ្លាញ តែមួយពព្រិចភ្នែក ដោយសារអគ្គិភ័យ ដូចពាក្យចាស់លោកថា ៖ «ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទឹកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ» ។ ជាមួយនោះ ក្នុងការរួមចំណែកដោះស្រាយបញ្ហាបន្ទាន់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាដល់ថ្នាក់ដឹកនាំមូលដ្ឋាន ឲ្យគិតគូរ និងនាំអំណោយ ជាសម្ភារៈប្រើប្រាស់ផ្ទះបាយ ក៏ដូចជាស្បៀងអាហារមួយចំនួន ដើម្បី សម្រាលបន្ទុកដល់បងប្អូនយើង ទៅតាមទិសស្លោក «ទីណាមានប្រជាពលរដ្ឋរងគ្រោះ ទីនោះមានកាកបាទក្រហម» ទៅដល់ ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកំពូល ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះរហូដល់អត់បាយស្លាប់ ហើយអាជ្ញាធរ មិនបានដឹងឮ នោះឡើយ ។
លោកជំទាវ បានលើកទឹកចិត្ត ទៅដល់គ្រួសាររងគ្រោះទាំង ៣ សូមកុំអស់សង្ឃឹម ពោលគឺ ត្រូវប្រឹងប្រែងសារជាថ្មី ដើម្បី ស្ដារជីវភាពឡើងវិញ ពីព្រោះថា ពេលនេះ អ្វីៗវាបានរលាយអស់ទៅក៏ពិតមែន ប៉ុន្តែ យើងនៅមានជីវិតរស់នៅ ដែលចាំបាច់ណាស់ត្រូវតែជំនះឧបសគ្គ និងតស៊ូព្យាយាមក្នុងជីវិតបន្តទៀត តាមរយៈ ការខិតខំប្រឹងប្រែងបង្កបង្កើនផល និងការប្រកបអាជីវកម្មផ្សេងៗ ដើម្បី ជីវភាពក្នុងគ្រួសារ នាពេលអនាគត ។
លោក ជំទាវ ប៉ាង ដានី និងក្រុមការងារ ក៏បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំង ៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២បេ ឃីត ២កញ្ចប់ មី ១កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រី ១យួរ តង់ ១ និងថវិកា ២៥ម៉ឺនរៀល ផងដែរ ៕