កម្ពុជាត្រៀមរួចជាស្រេចក្នុងការផ្លាស់ប្តូរបច្ចេកទេសផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថលនៅឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា អត្ថបទ សេង សុផាន់ណា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០៖

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា កម្ពុជា ត្រៀមរួចជាស្រេចក្នុងការផ្លាស់ប្តូរបច្ចេកទេសផ្សាយរបស់ទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅឌីជីថលនៅឆ្នាំ២០២៣ខាងមុខនេះដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែទំនើប លឿនរហ័ស និងកាន់តែច្បាស់។
ថ្លែងនៅក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន កាលពីរល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០សម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំឲ្យម្ចាស់ស្ថានីយ៍ផ្សព្វផ្សាយរដ្ឋនិងឯកជនទំាង អស់ត្រូវលើកផែនការផ្លាស់ប្តូរសម្ភារៈបច្ចេកទេសម៉ាស៊ីនផ្សាយបែបឌីជីថល ដើម្បីអាចដំណើរការផ្សាយជាលក្ខណៈឌីជីថលនៅឆ្នាំ២០២០ខាងមុខតាមការគ្រោងទុក។
សម្តេចតេជោបានថ្លែងថា ពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថលនេះ សម្តេចបានប្រគល់សិទ្ធិទៅអោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកច្ចនិងហិរញ្ញវត្ថុ ដឹកនាំត្រួតពិនិត្យលទ្ធភាពដែលអាចអនុវត្តទៅបានទាំងរដ្ឋ-ឯកជន ដើម្បីធ្វើការសម្របសម្រួលពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ទេរការផ្សាយពីប្រព័ន្ធអាណាឡូកទៅប្រព័ន្ធ ឌីជីថល។
សម្តេចតេជោបានបន្តថា កម្ពុជានឹងទទួលបាននូវផលចំណេញយ៉ាងច្រើន ប្រសិនបើយើងពន្លឿនការផ្លាស់ប្តូរប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថលបានឆាប់រហ័ស ទាន់ពេលវេលានៅមុនឆ្នាំ២០២៣ខាងមុខនេះ។សម្តេចបានដាក់ចេញនូវផែនការដ៏តឹងរឹងដែលតម្រូវអោយស្ថានីយ៍ផ្សព្វផ្សាយទាំងអស់ ត្រូវត្រៀមលក្ខណៈជាស្រេចក្នុងការកែប្រែពីប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថលដើម្បីអោយវិស័យព័ត៌មាននៅកម្ពុជាមានភាពរហ័សទាន់ពេលវេលានិងមានភាពជឿនលឿនដូចប្រទេសជិតខាងដែរ។
សម្លេង«ត្រូវត្រៀមលក្ខណៈសម្បត្តិបញ្ចប់ការផ្សាយតាមប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល នៅឆ្នាំ២០២៣ និងខិតខំរៀបចំច្បាប់ដែលទាក់ទងនឹងវិស័យព័ត៌មានអោយរួចរាល់នៅក្នុងនីតិកាលទី៦នេះ។ ក្រៅពីនោះខ្ញុំបានប្រគល់ ទៅអោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ដើម្បីធ្វើការសម្របសម្រួលពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ទេរការផ្សាយពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល តើរដ្ឋត្រូវចេញថវិកា ប៉ុន្មានដើម្បីធ្វើកិច្ចការនោះ តើវិស័យឯកជនត្រូវធ្វើយ៉ាងមិច»។
ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រសួងព័ត៌មាន ត្រៀមសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការពន្លឿនផែនការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ឌីជីថលឲ្យបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ឌីជីថលកម្ពុជានៅក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្រ្តីធ្លាប់បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ឌីជីថល គឺមានគុណសម្បត្តិជា ច្រើន ទំាងគុណភាពសម្លេង រូបភាព ល្បឿន ដែលធ្វើឲ្យអ្នកទស្សនាមានភាពជក់ចិត្ត ពិសេស រលកសញ្ញាប្រេកង់មិនរំខាន ឬឆ្លងទៅប៉ុស្តិ៍មួយទៀត។
សូមបញ្ជាក់ថា ក្រសួងព័ត៌មានបានសម្រេចជាផ្លូវការក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ អាណាឡូកទៅជាឌីជីថលយ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ២០២៣ តាមស្មារតីសម្រេចរបស់រាជរដ្ឋា ភិបាល កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ៕