ប្រធានរដ្ឋសភាកម្ពុជា និងឡាវ សម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិ​បាល​ប្រទេស​​ទំាងពីរ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាអូស្រ្តាលី ស្របពេលដែលប្រធានរដ្ឋសភាកម្ពុជា និងឡាវបានអញ្ជើញ​ចូលរួម​កិច្ចប្រជុំប្រចំា​ឆ្នាំលើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងកង់បេរ៉ា។ ជំនួបនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមការផ្សាយ​របស់​រដ្ឋសភាកម្ពុជា។

ក្នុងជំនួបនោះ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងការគំាទ្រចំពោះ​កិច្ចសហ​ប្រតិ​បត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីរដែលបានអនុវត្តន៍កន្លងមក ជាពិសេសលទ្ធផល ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗ នេះ បានផ្តល់នូវផ្លែផ្កា ដែលបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ ក្នុង​ដំណើរទស្សនកិច្ច​នេះ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ ទំនង​ដល់កម្រិតជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គមវប្បធម៌។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជម្រាប សមភាគី​ឡាវថា កាលពីពេល​ថ្មីៗនេះ រដ្ឋសភាកម្ពុជា ទើបបានអនុម័តយល់ព្រម​លើគម្រោងទិញថាម​ពលអគ្គិសនី ពីរោងចក្រផលិតអគ្គិសនី ដោយធ្យូងថ្មពីឡាវ មានអនុភាព​២,៤០០MW​(ម៉េហ្គាវ៉ាត់)។ សម្ដេចប្រធានបានបន្ដថា គម្រោងនេះ បានចូលរួមក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គមដល់ប្រទេសទំាងពីរ។

លោកជំទាវ ផានី យ៉ាថូទូ ស្នើសុំសម្តេចប្រធានរដ្ឋសភាកម្ពុជា ជួយជំរុញទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ជាពិសេសដំណើរទស្សន កិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមមិត្តសភារដ្ឋសភាប្រទសទំាងពីរ៕

ដោយ រិទ្ធី