សម្ដេចប្រធានរដ្ឋសភាកម្ពុជា ចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអូស្រ្តាលី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ (APPF) ដែល​សភាប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​នេះ បន្ទាប់ពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៣ថ្ងៃ មកនោះ។ នេះបើយោង​តាមការ​ផ្សាយរបស់រដ្ឋសភាកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានប្រតិភូសមាជិក APPF បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំរយៈពេលបីថ្ងៃមកនេះ។ ក្នុងកិច្ចប្រជុំ​APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នំាបន្តបន្ទាប់» បានសម្រេចសេចក្តីសម្រេចចំនួន១៧ ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា ដើម្បីរួមចំណែកដោះស្រាយបញ្ហារួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមភាពយេនឌ័រ ក្នុងការធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់និងសកលលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៩ របស់ APPF នៅក្នុងឆ្នាំ២០២១ សភាសា​ធារណរដ្ឋកូរ៉េ នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ មុនប្រកាសបិទកិច្ចប្រជុំ ឯកឧត្តម តូនី ស្មីត ប្រធាន​រដ្ឋសភាអូស្រ្តាលី បានប្រគល់ទង់ APPF ដល់ប្រធានគណៈប្រតិភូសភាសាធារណរដ្ឋកូរ៉េ ជានិមិត្តរូបនៃការបន្តវេនជាអ្នករៀបចំកិច្ចប្រជុំបន្ត៕

ដោយ រិទ្ធី