លោក Esper និយាយថា សហរដ្ឋអាមេរិកមានសិទ្ធិអំណាច ស្របច្បាប់ក្នុងការវាយប្រហារទឹកដីអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​ — ការធ្វើឃាតកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ទៅលើមេបញ្ជាការកងកម្លាំងឃឺដអ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានមើលឃើញថា ជាការបង្កើនភាពតានតឹងរវាងអ៊ីរ៉ង់ និងអាម៉េរិកឱ្យឈានដល់កម្រិតថ្មី ដែលជំរុញឱ្យមានការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ទៅលើកងទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ និងបណ្តាលឱ្យមានការភ័យខ្លាចចំពោះជម្លោះយោធាដែលកំពុងផ្ទុះឡើងនៅក្នុងតំបន់។

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកមានសិទ្ធិអំណាចស្របច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីបន្តវាយប្រហារទៅលើអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ឬនៅលើទឹកដីប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការវាយប្រហារប្រឆាំងនឹងកងទ័ពអាម៉េរិក។

ប្រធានមន្ទីរប៉ង់តាហ្គោនបាននិយាយទៅកាន់ NPR ថា «យើងទទួលយកការទទួលខុសត្រូវរបស់ អ៊ីរ៉ង់ចំពោះការវាយប្រហាររបស់ខ្លួន ហើយយើងនឹងរក្សាសិទ្ធិអនុវត្តការការពារខ្លួន និងចាត់វិធានការដែលមាន និងស្របច្បាប់ ដើម្បីឱ្យគេទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ»។

យោងតាមលោក Esper បានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក Trump មានសិទ្ធិវាយប្រហារ អ៊ីរ៉ង់ស្របតាមមាត្រា ២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលផ្តល់អំណាចដល់ប្រធានាធិបតីឱ្យធ្វើសកម្មភាពយោធាជាឯកតោភាគីក្នុងករណីមានការវាយប្រហារទៅលើសហរដ្ឋអាមេរិក ទឹកដី ឬទ្រព្យសម្បត្តិរបស់ខ្លួន។ សិទ្ធិរបស់ប្រធានាធិបតីក៏ត្រូវបានគាំទ្រផងដែរដោយការអនុញ្ញាតឱ្យប្រើកម្លាំងចម្រុះ (AUMF) ដែលជាវិធានការណ៍ផ្លូវច្បាប់ដែលត្រូវបានអនុម័តដោយសភាក្នុងឆ្នាំ ២០០១ បន្ទាប់ពីការវាយប្រហារដោយភេរវកម្មថ្ងៃទី ១១ ខែកញ្ញា។ ឯកសារចុងក្រោយត្រូវបានគេធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំអស់រយៈពេលជិតពីរទសវត្សមកហើយ ហើយត្រូវបានប្រើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសង្គ្រាម និងការដាក់ពង្រាយយោធានៅជុំវិញពិភពលោកចាប់ពីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដល់ហ្វីលីពីន ហ្សកហ្ស៊ី យេម៉ែន ជីប៊ូទី កេនយ៉ា អេត្យូពី សូម៉ាលី និងអេរីត្រេ។

លោក Esper ក៏បានការពារជាថ្មីម្តងទៀតនូវការសម្រេចចិត្តរបស់រដ្ឋបាល Trump ក្នុងការតម្រង់គោលដៅទៅលើឧត្តមសេនីយ៍ Soleimani ដោយបាននិយាយថា មេបញ្ជាការអ៊ីរ៉ង់បានក្លាយជាគោលដៅបង្ខំឱ្យកម្ចាត់ចោល ពីព្រោះមានកិច្ចព្រមព្រៀងពេញលេញដោយផ្អែកលើអ្វីដែលគាត់បានធ្វើ និងអ្វីដែលគាត់គ្រោងនឹងធ្វើ។

ការអះអាងចុងក្រោយ រួមទាំងការអះអាងថា អ៊ីរ៉ង់បានផ្តល់អាវុធដល់កងជីវពលអ៊ីរ៉ាក់ដើម្បីវាយប្រហារសហរដ្ឋអាមេរិកបន្ទាប់ពីការលុកលុយឆ្នាំ ២០០៣ នៅតែមានចម្ងល់នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយមានភ័ស្តុតាងច្បាស់លាស់ និងមានឯកសារដើម្បីបង្ហាញថា លោក Soleimani ពិតជាបានជួយដោយប្រយោលដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអូសាម៉ា ប៊ីន ឡាដេន និងក្រុមអាល់កៃដា នៅអាហ្វហ្គានីស្ថាន និងដោយតម្រង់គោលដៅទៅលើក្រុមភេរវករវ៉ាហាប៊ី នៅក្នុងយុទ្ធនាការប្រឆាំងនឹង Daesh (ISIS) នៅអ៊ីរ៉ាក់ និងស៊ីរី៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)