ទីក្រុងសេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង នឹងអាម៉េរិកពិភាក្សាគ្នា អំពីកូរ៉េខាងជើង និងមជ្ឈិមបូព៌ា 

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រី​ការបរទេស កូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តី​ការបរ​ទេស​អាម៉េរិកលោក Mike Pompeo ដើម្បីពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និង​ឧបទ្វីប​កូរ៉េ។

កិច្ចពិភាក្សារវាងអ្នកការទូតកំពូលៗទាំងពីរ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ​នៅទីក្រុង​សាន់ហ្វ្រាន់-​ស៊ីស្កូ។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា រដ្ឋមន្រ្តីការបរទេសទាំងពីរបានផ្លាស់ប្តូរការ​វាយ​តម្លៃនៃស្ថានភាពជុំវិញបញ្ហា​ដែលទាក់​ទងនឹង [ការរំសាយអាវុធនុយក្លេអ៊ែរ] នៅឧបទ្វីប​កូរ៉េ យោបល់នានាអំពីទំនាក់ទំនងអន្តរកូរ៉េ ការបន្តការសន្ទនារវាងសហរដ្ឋអាមេរិក និងកូរ៉េ​ខាងជើង ព្រមទាំងការរក្សាឱ្យក្នុងការជំរុញកិច្ចចរចានុយក្លេអ៊ែរ ដោយផ្អែកលើកិច្ចសហប្រតិ​បត្តិ​ការដែលមិនផ្លាស់ប្តូរ រវាងអាម៉េរិក និងកូរ៉េខាងត្បូង។

តាមអត្ថបទបានឱ្យដឹងថា លោកស្រី Kang និងលោក Pompeo ក៏បានសំដែង​ការព្រួយបារម្ភទាក់ទងនឹងស្ថានភាពនេះ ជាមួយនឹងការកើនឡើងនៃភាពតានតឹងនៅ​មជ្ឈិម​បូព៌ា​នឹងបានព្រមព្រៀងក្នុងកិច្ច​ខិតខំប្រឹងប្រែងរួមគ្នា ជាមួយសហគមន៍អន្តរជាតិ​សម្រាប់ការ​ស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ប្រធានបទចំនួនពីរស្រដៀងគ្នា ត្រូវបានពិភាក្សាក្នុងទំរង់ត្រីភាគី ក្នុងចំណោម​លោកស្រី Kang លោក Pompeo និងសមភាគីជប៉ុនលោក Toshimitsu Motegi។ លើសពីនេះ​ទៀតលោកស្រី Kang និងលោក Motegi បានបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយ​ដើម្បីពិភាក្សាអំពីជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង។

កាលពីឆ្នាំមុន ទីក្រុងតូក្យូបានដកទីក្រុងសេអ៊ូលចេញពីបញ្ជីដៃគូពាណិជ្ជកម្ម ដែលខ្លួន​ពេញចិត្ត ហើយបានណែនាំឱ្យមានការរឹតបន្តឹងការនាំចេញលើវត្ថុធាតុដើមគីមីមួយ​ចំនួន ដែល​​មានសារៈសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាកូរ៉េខាងត្បូង។ ការផ្លាស់ប្តូរនេះ ត្រូវ​បាន​គេមើលឃើញថា ជាការផ្តល់សំណងដល់តម្រូវការរបស់កូរ៉េខាងត្បូង ក្នុងការទាមទារ​សំណងពីក្រុមហ៊ុនជប៉ុនទៅឱ្យអតីតពលករដែលត្រូវបានគេបង្ខំឱ្យធ្វើការងារ នៅក្នុងអំឡុង​សង្គ្រាមលោកលើកទី២ ។

ចំពេលមានការវាយប្រហារជាបន្តបន្ទាប់ ទៅលើនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ Hormuz កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានសម្ព័ន្ធអន្តរជាតិ​មួយ​នៅក្នុងតំបន់នេះ ដើម្បីធានាការឆ្លងកាត់សមុទ្រប្រកបដោយសុវត្ថិភាពសម្រាប់នាវា​ពាណិជ្ជកម្ម។

ខណៈដែលប្រទេសមួយចំនួនដែលបានចូលរួមនោះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួន​នឹង​ពិចារណាពីការបញ្ជូនកងទ័ពផងដែរ ដែលទំនងជានៅដើមឆ្នាំ ២០២០នេះ។​ រហូតមកដល់​ពេលនេះ ទីក្រុង​សេអ៊ូល​​​នៅតែ​មិនទាន់​ប្រកាសជាផ្លូវការ នូវការសម្រេចចិត្តរបស់ខ្លួន​នៅ​ឡើយទេដែរ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)