សេចក្តីថ្លែងការណ៍រួម៖ សហរដ្ឋអាមេរិក និងចិន មិនបានយល់ព្រម​លើការកាត់បន្ថយពន្ធនាពេលអនាគតទេ 

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងរតនាគារលោក Steve Mnuchin និងអ្នកតំណាងពាណិជ្ជកម្មអាម៉េរិក Robert Lighthizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងចិន​មិន​បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការកាត់បន្ថយពន្ធគយនាពេលអនាគតទេ បើទោះបីជា​ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ កាលពីថ្ងៃ​ពុធនេះក៏ដោយ។

សេចក្តីថ្លែងការណ៍នេះ ដែលបានដកស្រង់ដោយសារព័ត៌មាន Business Insider បាននិយាយថា  មិនមានកិច្ចព្រមព្រៀងផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរណាមួយ រវាង​សហរដ្ឋអាមេរិក និងចិនលើបញ្ហាទាំងនេះទេ​ ហើយក៏គ្មានកិច្ចព្រមព្រៀងសម្រាប់ការកាត់​បន្ថយ​ពន្ធនាពេលអនាគតដែរ។

នៅថ្ងៃពុធនេះ លោក Trump និងលោក Liu He ឧបនាយករដ្ឋមន្ត្រីចិនគ្រោងនឹងចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលមាន៨៦ទំព័រ នៅឯសេត​វិមាន។

តាមការពិនិត្យនាពេលថ្មីៗនេះ រដ្ឋបាល Trump បានដាក់ពន្ធលើផលិតផលចិន​ដែល​មានតម្លៃប្រមាណ ៥៥០ប៊ីលានដុល្លារអាមេរិក ខណៈដែលចិនបានដាក់ពន្ធលើទំនិញអាម៉េរិក​ដែល​មានតម្លៃប្រមាណ ១៨៥ ប៊ីលានដុល្លារ។

លោក Mnuchin និងលោក Lighthizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ នឹងត្រូវផ្សព្វផ្សាយជា​សា​ធារណៈ​នៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃពុធនេះ។ ពួកគេបាននិយាយថា សមាសធាតុតែ​មួយ​​គត់នៃកិច្ចព្រមព្រៀងដែលនឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺជាឧបសម្ព័ន្ធ​សម្ងាត់​ដែលមានចំនួនទឹកប្រាក់ទិញជាក់លាក់ ពីព្រោះវាអាចមានឥទ្ធិពលលើឥរិយាបថទីផ្សារ។

ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍នៅមុននេះថា សហរដ្ឋអាមេរិកអាចនឹង​កាត់​បន្ថយពន្ធមួយចំនួន ប្រសិនបើចិនត្រូវបានគេរកឃើញថា ​អនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រម​ព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា សេតវិមាន, ក្រសួងរតនាគារ និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបដិសេធមិនបានបញ្ជាក់ថា តើ​ការពិនិត្យឡើងវិញ​ត្រូវបានកំណត់សម្រាប់ការបរាជ័យឬយ៉ាងណានោះទេ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះដែរ ប្រទេសចិននឹងរឹត​បន្តឹង​ច្បាប់​កម្មសិទ្ធិបញ្ញា បង្កើនការទិញកសិកម្ម និងបើកចំហវិស័យហិរញ្ញវត្ថុរបស់ខ្លួន។

ជាថ្នូរតបវិញ រដ្ឋបាលលោក Trump បានយល់ព្រមកាត់បន្ថយអត្រាពន្ធ ១៥ភាគរយ គិតជាពាក់កណ្តាលក្នុងតម្លៃផលិតផល ១១០ប៊ីលានដុល្លារ ដែលបានកំណត់កាលពីខែកញ្ញា​ ក៏ដូចជាពន្យារពេលការកើនឡើងដែលបានគ្រោងទុក៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)