វៀតណាម និងចិនគួរតែអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយគ្នា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​ — មន្ត្រីជាន់ខ្ពស់បក្សបាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងជាប្រពៃណីរវាងវៀតណាម និងចិន ប្រកបដោយផ្លែផ្កា ស្ថិរភាព គឺជាការទទួលខុសត្រូវរួមរបស់ភាគីទាំងពីរ ហើយក៏ជាតម្រូវការដែលមិនអាចចៀសផុតបាន ព្រមទាំងស្របតាមគោលបំណង និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPV) លោក Tran Quoc Vuong បានថ្លែងបែបនេះនៅក្នុងពិធីទទួល បដិសណ្ឋារកិច្ចនៅទីក្រុងហាណូយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០ សម្រាប់គណៈប្រតិភូបក្សកុម្មុយនិស្តចិន (CPC) ដែលដឹកនាំដោយប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិម CPC លោក Son Tao។

លោក Vuong បានប្រាប់ភាគីចិនថា ស្របពេលដែលមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងមិនអាចទាយទុកជាមុនបាននៅក្នុងពិភពលោក និងតំបន់ ក៏ដូចជាការបន្តធ្វើកំណែទម្រង់ទាំងនៅក្នុងប្រទេស វៀតណាម និងចិនផងនោះ ក្រៅពីទទួលបានផលប្រយោជន៍ ប្រទេសទាំងពីរក៏បាននឹងកំពុងប្រឈមនឹងបញ្ហាជាច្រើនផងដែរ។

លោកបានស្នើដល់បណ្តាក្រសួង វិស័យ និងតំបន់ខេត្តនានា នៃប្រទេសវៀតណាម និងចិនបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៧០ នៃចំណងមិត្តភាពការទូតនៅក្នុងឆ្នាំនេះ។

ទាក់ទិននឹងភាពខុសគ្នា លោក Vuong បានសង្កត់ធ្ងន់ថា ដោយផ្អែកលើការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋទាំងពីរ ភាគីទាំងពីរគួរតែរួមគ្នាស្វែងរកដំណោះស្រាយដែលពេញចិត្តដើម្បីដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវតាមរយៈវិធានការសន្តិភាព និងអនុវត្តតាមច្បាប់អន្តរជាតិ។

រីឯភាគីចិនវិញ លោក Song បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន តែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍភាពជាអ្នកជិតខាងបែបប្រពៃណី និងជាមិត្តភាពជាមួយវៀតណាម នឹងបានត្រៀមខ្លួនជានិច្ចក្នុងការរួមដៃជាមួយសមភាគីវៀតណាម ដើម្បីអនុវត្តការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋទាំងពីរ ព្រមទាំងស្របតាមឯកសារនានា ដែលបានចុះហត្ថលេខាផងដែរ ដូច្នេះការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទូលំទូលាយទ្វេរភាគី នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)