ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសកំណត់យកថ្ងៃទី១៤ ខែមករារៀងរាល់ឆ្នាំ ប្រារព្ធពិធីជួបជុំអ្នកសារព័ត៌មាន

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ១៥ ០១ ២០២០ ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១៤ ខែមករា រៀងរាល់ឆ្នាំ ប្រារព្ធពិធីជួបជុំអ្នកសារព័ត៌មាននៅទូទាំងប្រទេស ដើម្បីអោយមានការយល់គ្នាទៅវិញទៅមក រវាងអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតាមក្រសួងស្ថាប័ន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសកំណត់យក ថ្ងៃទី១៤ ខែមករា គឺជាជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងរាជរដ្ឋាភិបាលជាមួយនិងអ្នកសារព័ត៌មាន និងបង្ហាញការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន ជាពិសេលើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំ លើកទី៤ ជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌល សន្និបាតនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៤ ខែ មករា ដោយមានប្រសាសន៍ថា ថ្ងៃទី១៤ ខែមករាគឺជាជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានកម្ពុជា សំណេះសំណាលនិងពិនិត្យវឌ្ឍន៍ភាព នៃការរីកចំរើនផ្នែកវិស័យព័ត៌មាន ។
សំលេង «ថ្ងៃនេះក៏ជាថ្ងៃសប្បាយរីករាយ ហើយខ្ញុំអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់និន្នាការ ហើយរាប់ទាំងអ្នកមកពីក្រៅប្រទេសទាំងអស់ និងអតីតអ្នកសារព័ត៌មានមួយចំនួនដែលបានមកជួបជុំគ្នានៅទីនេះ ហើយយើងនិងធ្វើពិធីប្រចាំឆ្នាំ តើយើងគួរកំណត់តែម្តងថា ១៤ ខែមករា រៀងរាល់ឆ្នាំរឺយ៉ាងមិច ! ដូចអ្នកកីឡាអញ្ចឹង កីឡាកំណត់ថ្ងៃទី៤ ខែមេសារៀងរាល់ឆ្នាំ ឥលូវតើយើងកំណត់១៤ មករា រៀងរាល់ឆ្នាំនេះ ឥលូវខ្ញុំសូមប្រកាសថ្ងៃទី១៤ខែមករារៀងរាល់ឆ្នាំគឺជាជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានកម្ពុជាហើយពេលនោះយើងនិងពិនិត្យ វឌ្ឍន៍ភាព នៃការរីកចំរើនរបស់យើងទាំងអស់គ្នា ហើយសុំឲ្យសមាគមន៍និមួយៗធ្វើសន្និបាតឲ្យបានមុនជំនួបមកដល់ »៕