ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ កុំ យកអ្នកសារព័ត៌មានធ្វើជាសត្រូវ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ១៥ ០១ ២០៖

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឱ្យមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ កុំយកអ្នកសារព័ត៌មានធ្វើជាសត្រូវជាដាច់ខាត ហើយត្រូវយកអ្នកសារព័ត៌មានធ្វើជាដៃគូដែលមិនអាចខ្វះបានសម្រាប់ការងាររបស់ខ្លួន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្ដី និងអភិបាលរាធានីខេត្ដទាំងអស់ ត្រូវមានយន្ដការសម្រាប់ផ្ដល់ព័ត៌មានមួយដែលច្បាស់លាស់ទៅដល់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំលាយអំពីអត្ថប្រយោជន៍ និងបញ្ហាផ្សេងៗ ដោយកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានសម្រាប់ការងាររបស់ខ្លួន។
សំឡេង«ខ្ញុំ បានរំលឹកប្រាប់មន្ត្រីរាជរដ្ឋាភិបាលថា មន្ត្រីរាជរដ្ឋាភិបាលមិនទាន់បានប៉ះអ្នកព័ត៌មានខ្លាំង និងសួរសំណួរក្តៅៗនោះទេ។ ដោយឡែកសម្តេចក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព គឺសម្តេចបានជួបរួចហើយជាមួយអ្នកព័ត៌មានល្បីៗ និងសួរព័ត៌មានក្តៅ។ តែសម្តេចមិនដែលរួញរានោះឡើយ រហូតដល់សម្តេចត្រូវបានគេប្រសិទ្ធនាមជាតារារះមួយដួង។ ដូច្នេះ «សូមអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានសម្រាប់ការងាររបស់អស់លោក»។
ក្នុងជំនួបជាអ្នកសារព័ត៌មានជិត៦ពាន់នាក់ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ បានបញ្ជាក់ថា ការផ្ដល់ព័ត៌មានរបស់រដ្ឋមន្រ្ដី និងអភិបាលរាធានីខេត្ដនេះ ដើម្បីផ្ដល់ព័ត៌មានមួយ ដែលឆ្លើយតបការរិះគន់មួយចំនួនបានទាន់ពេលវេលា ដោយកុំឲ្យមានការយល់ច្រឡំដល់សាធារណជន។ ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន ក៏បានស្តីបន្ទោសដល់រដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន ដែលមិនទាន់មានភាពសកម្មក្នុងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ដើម្បីដោះស្រាយបញ្ហានានានោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកព័ត៌មាន ដើម្បីឆ្លើយដោយផ្ទាល់ជាមួយអ្នកព័ត៌មាន នៅក្នុងកិច្ចប្រជុំនានា៕