ប្រជាកសិករនៅខេត្តប៉ៃលិនសប្បាយចិត្តនឹងផលដំណាំកសិកម្មផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

លោក ប៉ាច សុភ័ក្រ្ត អាយុ២៨ ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាកសិករដាំទុរេន មានទឹកមុខញញឹមញញែម បានរៀបរាប់ថា បច្ចុប្បន្នគ្រួសារលោកមានដីដាំដំណាំ៦ហិចតា មានដំណាំផ្លែឈើចំរុះ ហើយមានដំណាំទុរេនចំនួន៥០០ដើម ក្នុងនោះដើមដែលទទួលផលបានចំនួន១៥០ដើម ហើយដើមនីមួយៗ មានផ្លែចន្លោះពី ១ ទៅ ៣០ ផ្លែក្នុងពេលបច្ចុប្បន្ន។

 

លោកបានបន្តថា៖ ក្រៅពីដំណាំទុរេន គ្រួសាររបស់លោកបានដាំណាំផ្សេងទៀតដូចជា សាវម៉ៅ មង្ឃុត ល្មុត ស្វាយ ឈើរី ប័រ ភ្ញៀវ លុងកុង ចេកពងមាន់ និងមានដំណាំឈើហូបផ្លែជាច្រើនមុខទៀតផងដែរ ។ មិនតែប៉ុណ្ណោះដំណាំដែលជាយុទ្ឋសាស្រ្តរបស់គ្រួសាររបស់លោកគឺដាំណាំទុរេននេះហើយ ដែលបានជួយលើកស្ទួយជីវភាពមកដល់បច្ចុប្បន្ន។ លោកប៉ាច សុភ័ក្រ្ត បានឲ្យដឹងទៀតថា៖ ការដាំដំណាំទុរេន ត្រូវចំណាថវិកាច្រើនសម្រាប់រៀបចំប្រព័ន្ធទឹក ការថែទាំឱ្យបានដិតដល់ និងប្រើពេលវេលាដាំដុះយូរ ដែលមានរយៈពេលចន្លោះពី៣ ទៅ៥ឆ្នាំទៅ ហើយអាស្រ័យទៅលើប្រភេទដីដាំដុះ។ ចំពោះការប្រមូលផលវិញគឺចាប់ពីចេញផ្ការហូតដល់ប្រមូលផលមានរយៈពេល៦ខែគត់ ឬលើសខ្វះតិចតួចតាមការថែរទាំរបស់យើង។ លោកបានបន្តថា៖ ចំពោះតម្លៃវិញគឺ ១គីឡូ ៣០០០០៛ ចំពោះទុរេនខុសរដូវ ដោយឡែកទុរេនត្រូវរដូវគឺតម្លៃ១គីឡូ ២៨០០០៛ ផងដែរ។ លោក ប៉ាច សុភ័ក្រ្ត ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តឱ្យជួយជ្រោមជ្រែងរកទីផ្សាដល់ប្រជាកសិករយើង ជាពិសេសមន្ទីរជំនាញគួរចុះបង្រៀនពីបច្ចេកទេសដាំដុះជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីអោយបងប្អូនប្រជាពលរដ្ឋយកចំណេះជំនាញនឹងយកទៅអនុវត្តក្នុងការដាំដុះដើម្បីទទួលបានផលល្អប្រសើរ។
គួរបញ្ជាក់ថា៖ ចម្ការរបស់បងប្រុស ប៉ាច សុភ័ក្រ្ត មានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ផ្លូវចូលរម្មនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ គិតពីផ្លូវជាតិលេខ៥៧ ចូលទៅប្រហែលជាង ១គីឡូម៉ែត្រតែប៉ុណ្ណោះ៕