របាយការណ៍៖ ការប៉ះទង្គិចប្រដាប់អាវុធបន្តនៅទីក្រុងទ្រីប៉ូលី របស់ប្រទេសលីប៊ី 

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ព័ត៌មាននៃការវាយប្រយុទ្ធគ្នាជាថ្មីឡើងវិញនៅក្បែរទ្រីប៉ូលី បានកើតឡើងតែប៉ុន្មាន​ម៉ោង បន្ទាប់ពីនាយករដ្ឋមន្រ្តីដែលគាំទ្រដោយ អ.ស.ប លោក Fayez Sarraj និងមេបញ្ជាការ​កងទ័ពជាតិលីប៊ី (LNA) ដែលមានមូលដ្ឋាននៅភាគខាងកើត លោក Khalifa Haftar បានបញ្ចប់​កិច្ចចរចានៅទីក្រុងមូស្គូ ​ស្តីពី​ការដោះស្រាយវិបត្តិនៅលីប៊ី។

តាមទូរទស្សន៍ Al Arabiya បានផ្សាយថា ការផ្ទុះអាវុធត្រូវបានគេរាយការណ៍នៅក្នុង​តំបន់ Salah al-Din និងតំបន់ Ain Zara នៃរដ្ឋធានីលីប៊ី។ នៅមិនទាន់មានសេចក្តីរាយការណ៍​ណាមួយអំពីអ្នកស្លាប់ និងការខូចខាតនៅឡើយទេ។

Al Arabiya បានសរសេរថា មានការប៉ះទង្គិចគ្នាជាថ្មីនៅតំបន់ Saladin ភាគខាងត្បូង​នៃរដ្ឋធានី ទ្រីប៉ូលី លីប៊ី។

កាលពីថ្ងៃអាទិត្យ LNA និងរដ្ឋាភិបាលរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) របស់ លោក Sarraj បានប្រកាសបទឈប់បាញ់មួយ ដោយបញ្ឈប់ការវាយលុក LNA ដែលមាន​រយៈពេលរាប់ខែ ដើម្បីដណ្តើមយករដ្ឋធានីទ្រីប៉ូលីដែលកាន់កាប់ដោយ GNA។ ទោះយ៉ាង​ណា​ក៏ដោយ បទឈប់​បាញ់​នេះត្រូវបានគេរាយការណ៍ថា មានភាពផុយស្រួយ ​ភាគីគូប្រជែង​បានចោទប្រកាន់ម្តងហើយម្តងទៀតពីការរំលោភនេះ។

កាលពីថ្ងៃចន្ទ មេដឹកនាំនៃគណបក្សគូប្រជែង បានជួបគ្នានៅរដ្ឋធានីរុស្ស៊ី សម្រាប់កិច្ច​ចរចា​សម្របសម្រួល ដោយទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា ពិភាក្សាគ្នាលើសេចក្តីព្រាងកិច្ច​ព្រមព្រៀង​ឈប់បាញ់។ គោលបំណងសំខាន់មួយនៃកិច្ចចរចាទីក្រុងមូស្គូ​ គឺសម្រាប់ទាំង LNA និងGNA ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌ ​ដែលនឹង​ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១២ ខែ មករា។

តាមប្រភពមួយបានឱ្យដឹងថា លោក Haftar បានស្នើសុំពេលវេលាបន្ថែម មុនពេល​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលោក Sarraj ហើយទីបំផុតបានចាកចេញ​ពីរដ្ឋធានីរុស្ស៊ីដោយមិនមានការយល់ព្រមលើកិច្ចព្រមព្រៀងនេះ។

តាមសេចក្តីព្រាង កិច្ចព្រមព្រៀងបានឱ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀងឈប់បាញ់​បានស្នើថា អ្នកចូលរួមនៃកិច្ចពិភាក្សានឹង​ឯក​ភាព​គ្នា «កំណត់ខ្សែទំនាក់ទំនង ដែលធានា​បាននូវបទឈប់បាញ់ប្រកបដោយចីរភាព​គាំទ្រ​ដោយវិធានការណ៍ចាំបាច់នានា ដើម្បីធ្វើឱ្យ​មាន​ស្ថិរភាព ស្ថានភាពនៅលើដី នឹងធ្វើឱ្យជីវិត​រស់​នៅ​ប្រចាំថ្ងៃនៅទីក្រុងទ្រីប៉ូលី និងទីក្រុង​ផ្សេងៗទៀត​»។ លើសពីនេះទៀត ភាគីគួរតែ​ជ្រើស​រើស​សមាជិកសម្រាប់គណៈកម្មាការ​យោធា ៥+៥ ដែលនឹងកំណត់នូវខ្សែទំនាក់ទំនង​រវាងភាគីប្រឆាំង តាមដានការអនុវត្ត​បទឈប់បាញ់ និងការធានានិរន្តរភាពនៃបទឈប់បាញ់៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)