ការតម្រង់ទិសអាទិភាពសសរស្តម្ភសេដ្ឋកិច្ចអាស៊ានឆ្នាំ​ ២០២០ ត្រូវបានបង្ហាញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០​ — ការតម្រង់ទិសអាទិភាពចំនួន ៣ ក្នុងសសរស្តម្ភសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០២០ ត្រូវបានបង្ហាញក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកដំបូងនៃមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានឆ្នាំ ២០២០ (SEOM 1/51) ដែលកំពុងដំណើរការនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០។

ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងទីភ្នាក់ងារពាក់ព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងសសរស្តម្ភសេដ្ឋកិច្ច ក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធាន អាស៊ាន។

ស្របតាមប្រធានបទប្រចាំឆ្នាំនេះ «ភាពស៊ីចង្វាក់គ្នា និងការទទួលខុសត្រូវ» ការតម្រង់ទិសទាំងបីនេះបានអំពាវនាវឱ្យមានការជំរុញទំនាក់ទំនង និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ លើកកម្ពស់ភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការកែលម្អភាពផ្លាស់ប្តូរបាន និងប្រសិទ្ធភាពប្រតិបត្តិការនៃបរិធានអាស៊ាន។

ផ្អែកលើការតម្រង់ទិសនេះ វៀតណាមបានបង្កើត និងប្រមូលគំនិតផ្តួចផ្តើមអាទិភាព និងផែនការសហប្រតិបត្តិការដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតនៅក្នុងកិច្ចប្រជុំ SEOM 1/51 ។

ប្រទេសនេះបានដាក់ចេញនូវគំនិតផ្តួចផ្តើមព្រាងចំនួន ១៤ ដើម្បីធានាថា នៅឆ្នាំ ២០២០ អាស៊ាននឹងបន្តលើកកម្ពស់ការកសាងសហគមន៍សេដ្ឋកិច្ច ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)