ប្រធានអាស៊ាន៖ សម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងការទទួលខុសត្រូវ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០​ — ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បាន សរសេរនៅក្នុងអត្ថបទមួយថា ការជំរុញការចូលរួមរបស់អាស៊ានក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់ ត្រូវបានកំណត់ថា ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គឺជាការសន្មតជាផ្លូវការរបស់ប្រទេសវៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០ – ២០២១ ប្រទេសវៀតណាមកំពុងឈរនៅចំពោះមុខនៃឱកាសជាច្រើនដើម្បីបង្ហាញអំពីតួនាទីរបស់ខ្លួននៅក្នុងតំបន់ និងក្នុងពិភពលោក។ មុនពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៦ នៅទីក្រុងហាណូយកាលពីឆ្នាំ១៩៩៨ នឹងបានធ្វើជាអធិបតីនៃគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ានលើកទី៣៤ ចាប់ពីខែកក្កដា ឆ្នាំ ២០០០ ដល់ខែកក្កដា ឆ្នាំ ២០០១ នឹងបានធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០១០ ។

ចាប់តាំងពីចុងឆ្នាំ ២០១៨ មក ប្រទេសវៀតណាមបាន នឹងកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០។ យើងកំពុងព្យាយាមបន្ថែមប្លុកថ្មីៗទៀតដល់ការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវការរួមគ្នារវាងសមាជិកអាស៊ានរបស់យើង និងសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្របតាមគោលនយោបាយនៃសេចក្តីសម្រេច 22-NQ/TW ចុះថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៣ របស់ការិយាល័យនយោបាយ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងសេចក្តីណែនាំលេខាធិការដ្ឋានលេខ 25-CT/TW ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្តីពីការលើកកម្ពស់ និងការ ស្ថាបនាផ្នែកការទូតពហុភាគីវៀតណាមរហូតដល់ឆ្នាំ ២០៣០ ។

អាស៊ានបានចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ជាមួយនឹងសេចក្តីប្រកាសទីក្រុងបាងកក របស់ខ្លួន ដែលបង្ហាញអំពីមហិច្ឆតានៃសមាគមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ដែលនឹងធ្វើការងាររួមគ្នាដើម្បីសន្តិភាព សេរីភាព និងវិបុលភាពក្នុងតំបន់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្តីសុបិន្តរបស់អាស៊ានដែលបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ក្រោមបដារបស់ខ្លួនបានក្លាយជាការពិត។ សហគមន៍អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដោយបានបង្កើតខ្លួនជាសហគមន៍គំរូជាបណ្តើរ ៗ ដោយមានភាពស្អិតរមួតផ្នែកនយោបាយ សមាហរណកម្មសេដ្ឋកិច្ច និងការទទួលខុសត្រូវខាងសង្គម។ ដូច្នេះ អាស៊ានបានក្លាយជាដៃគូដ៏សំខាន់សម្រាប់ប្រទេសនានាក្រៅពីតំបន់នេះ និងជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងដំណើរការពិភាក្សា និងកិច្ចសហប្រតិបត្តិការផ្សេងៗ។ ដោយមើលឃើញនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ សហគមន៍អាស៊ានបាន នឹងកំពុងខិតខំដើម្បីសាមគ្គីភាព និងបង្រួបបង្រួម នៅក្នុងដំណើរការក្នុងតំបន់ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍។ សំឡេងសហគមន៍អាស៊ានកាន់តែមានសារៈសំខាន់ឡើងៗនៃស្ថាបត្យកម្មក្នុងតំបន់ដែលកំពុងវិវត្ត និងទាក់ទងទៅនឹងបញ្ហាអន្តរជាតិសំខាន់ៗ។ នៅក្នុងការពិចារណាជាយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាច អាស៊ានបានក្លាយជាដៃគូសំខាន់សម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)