មន្ទីរវប្បធម៌រាជធានីភ្នំពេញពង្រឹងកិច្ចការពារតំបន់ទីទួលបុរាណនិងសំណង់បេតិកភណ្ឌ

វិទ្យុកម្ពុជា: ហាន់ ស្រីណា

MC: មន្ទីរវប្បធម៌រាជធានី​ភ្នំពេញពង្រឹងកិច្ចការពារតំបន់ទីទួលបុរាណនិងសំណង់បេតិកភណ្ឌនៅទូទំាងរាជធានីភ្នំពេញដើម្បីការពារអភិរក្សអោយទីតំាង​បុរាណទំាងនោះឲ្យបានគង់វង្ស។

លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប: បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ក្រុមមន្ត្រីរបស់លោកកំពុងជំរុញការបោះបង្គោលកំណត់ទីតាំងទីទួលបុរាណឲ្យអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន រំលោភយកដីទីទួលបុរាណធ្វើជាកម្មសិទ្ធ ដែលធ្វើអោយបាត់បង់នូវ នូវអត្តសញ្ញាណជាតិនិងជាស្លាកស្នាមប្រវត្តិសាស្ត្រ ។ ជាមួយគ្នានោះ មន្ទីរ ក៏បង្កើនកិច្ចគាំពារចំពោះសំណង់ ប្រវត្តិសាស្រ្តសម័យអាណានិគមបារំាងផងដែរ ដើម្បីរក្សាសំណង់ទំាងនោះឲ្យបានល្អសម្រាប់មនុស្សជំនាន់ក្រោយផង និងដើម្បីក្លាយជាគោលដៅសម្រាប់ទាក់ទាញភ្ញៀវទេសចរផង។
សំឡេង«ខ្ញុំបានខិតខំបោះបង្គោលការពារដែនដីទួលកំណត់វិធានការដើម្បីការពារនិងមួយទៀតពាក់ព័ន្ធជាមួយនឹងសំណង់បុរាណនៅរាជធានីភ្នំពេញយើងឃើញថាមាននៅក្នុងខណ្ឌដូនពេញដែលសំបូរច្រើនជាងគេពាក់ព័ន្ធទៅនឹងសំណង់សម័យអាណានិគមបារាំងបារាំងចំពោះវត្តយើងមិនបារម្ភទេព្រោះយើងបានចុះផ្សព្វផ្សាយជាមួយនឹងចៅអធិការគណៈកម្មការដោយមិនសូវមានបញ្ហាប្រឈមទេ»។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ទីទួលបុរាណ និងអាគារបេតិកភណ្ឌពីសម័យអាណានិគមបារំាង គឺ ជាស្លាក់ស្នាមនៃតម្លៃប្រវត្តិសាស្រ្តដែលត្រូវបង្កើនកិច្ចគាំពារឲ្យបានល្អ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយទៀត ជាពិសេសគឺការសិក្សាស្រាវជ្រាវដើម្បីស្វែងរកការពិតដែលបានកប់ទៅរាប់ពាន់ឆ្នាំកន្លងមក។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានទីទួលបុរាណ ចំនួន ១០៣ទីតាំងហើយបច្ចុប្បន្ននេះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបោះបង្គោលទីតាំងបានមួយចំនួនរួចមកហើយ ដូចជានៅភូមិមូល និងតំបន់ទួល ប្រាសាទនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅជាដើម៕