ក្រសួងកសិកម្មរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី​សម្បទានដីសេដ្ឋកិច្ច ដើម្បីពិនិត្យ និងវាយតម្លៃសមិទ្ធផលក្នុងការអនុវត្ដនាពេលកន្លងមក

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពីសម្បទាន​ដីសេដ្ឋកិច្ច ដើម្បីពិនិត្យ ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង​អភិវឌ្ឍន៍សម្ប​ទានដីសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងលើកយកបញ្ហាប្រឈមមកពិនិត្យ និងដោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្នុងវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដី​សេដ្ឋកិច្ច” កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ជារៀងរាល់​ឆ្នាំក្រសួង​បានរៀបចំវេទិកានេះឡើងគឺដើម្បីពិនិត្យ និងវាយតម្លៃលើរាល់សមិទ្ធផលដែល​សម្រេច​​បាននា​ឆ្នាំកន្លងមក ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម លើកយកបញ្ហាប្រឈមមកពិនិត្យ​និង​ដោះស្រាយ ទទួលយកនូវអនុសាសន៍ មតិយោបល់ ចំណោទសួរពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី​រៀប​ចំចងក្រងជាយុទ្ធសាស្រ្ត ឬយន្តការដោះស្រាយឱ្យបានស៊ីជម្រៅ ទាន់ពេល និងមាន​ប្រសិទ្ធ​ភាពនូវរាល់បញ្ហាពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ក៏ដូចជាការ​អភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចផងដែរ។ ឯកឧត្ដមបានបញ្ជាក់ថា វេទិកានេះ បានផ្តល់ឱកាស​ឱ្យ​គ្រប់​ភាគី ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន​រដ្ឋា​ភិបាល តំណាងសមាគម សហគមន៍ទាំងអស់បានមកធ្វើការចែករំលែក​នូវរាល់​ចំណេះដឹង បទពិសោធន៍ ផ្តល់ជាគំនិត យោបល់ ឬយុទ្ធសាស្រ្តល្អៗក្នុងការអភិវឌ្ឍ ការការពារ និងគ្រប់​គ្រង​ដីសម្បទានសេដ្ឋកិច្ច។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកថា ធាតុចូលដ៏មានតម្លៃទាំងនេះ គឺ​ជា​គន្លឹះ ឬជាត្រីវិស័យ​សម្រាប់​យើងទាំងអស់គ្នាដើរឱ្យដល់គោលដៅគឺធ្វើយ៉ាងណា​សម្រេច​ឱ្យបានចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុង វិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ រួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង ការនាំចេញ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានវាយ​តម្លៃខ្ពស់ចំពោះគ្រប់គាភីពាក់ព័ន្ធទាំងអស់ដែលបានខិតខំ យក​អស់​កម្លាំង​កាយ ចិត្ត និងស្មារតី​ទទួលខុសត្រូវក្នុងការចូលរួមគាំទ្រ ផ្តល់ជាគំនិត និងកិច្ច​សហការបានយ៉ាងល្អប្រសើរ ធ្វើឱ្យ​ក្រសួងសម្រេចទទួលបានសមិទ្ធផលធំៗជាច្រើន។ ឯកឧត្ដមបានលើកឡើងដែរថា តែទោះជា​យ៉ាងណា យើងទទួលស្គាល់ហើយថាវិស័យ​កសិកម្ម មានការអភិវឌ្ឍរីកចម្រើនទៅបាន ល្គឹក​ណាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើនទៀតចូលរួមគាំទ្រ និងសហការឱ្យ​បាន​ពេញលេញ​បន្ថែមទៀតតាមគ្រប់​ស្ថានការណ៍​ដោយឈរលើទិសដៅ និងប្រយោជន៍រួម​តែ​មួយ គឺសម្រេច​ឱ្យបាននូវចក្ខុវិស័យរបស់​រាជ​រដ្ឋា​ភិបាល ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម មាន​​លក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ​ប្រែ​ប្រួលអាកាសធាតុ និងនិរន្តរភាព។ ឯកឧត្ដម​រដ្ឋ​មន្រ្ដីបានបន្ដថា ការធ្វើ​យន្តូបនីយកម្ម​កសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយ​កម្ម​ដំណាំ សត្វនិងវារីវប្បកម្ម ការគ្រប់​គ្រងសម្បទាដីសដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ធានា​ចីរភាពបរិស្ថាន និងធនធានធម្មជាតិ​ដែល​នាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារ រួច​ឈាន​ទៅសម្រេចឱ្យបាននូវមហិច្ឆិតា​របស់​រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តម​​រដ្ឋមន្រ្តីបានបន្ថែមថា ចំពោះភាពអសកម្ម បញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលកើត ចេញពីការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ហើយក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋានសម្បទាន​ដីសេដ្ឋកិច្ចរៀបចំប្រជុំអន្តរក្រសួងជា​បន្ទាន់​មួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយឱ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព៕

​ដោយ ឡុង ស៊ីវ៉ាន់