ស៊ុយអ៊ែតសន្យាជួយលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ រដ្ឋាភិបាលស៊ុយអ៊ែត សន្យាជួយលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ១៣ ០១ ២០
MC៖ រដ្ឋាភិបាលស៊ុយអ៊ែត សន្យាជួយលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ដើម្បីធានាឲ្យលក្ខខណ្ឌការងារនៅកម្ពុជាកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។
ក្រោយជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីស្តីការក្រសួង ឯកឧត្ដម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលស៊ុយអ៊ែតបានសម្រេចរួចហើយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងវិជ្ជាជីវៈ ដើម្បីធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងទទួលបានផលប្រយោជន៍ជូនកម្មនិយោជិត។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសកល (Global Deal) របស់រដ្ឋាភិបាលស៊ុយអែត ដែលមានគោលបំណង ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីសាកលភាវូបនីយកម្ម។
ជាមួយគ្នានេះ ឯកឧត្ដម ងុយ រិទ្ធ បានបន្ដែមថា ភាគីទាំងពីរកម្ពុជា-ស៊ុយអ៊ែតបានសន្យា និងពង្រឹងនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តការដ៏ល្អលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។
សូមបញ្ជាក់ថា កម្ពុជាបាននឹងកំពុងប្រើប្រាស់យន្តការជាច្រើនដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជាដូចជា៖ យន្តការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការដោះស្រាយវិវាទការងារ យន្តការនៃការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការតាក់តែងច្បាប់ និងគោលនយោបាយនានាដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពីត្រីភាគីជាដើម៕