អ្នកចរចារបស់ក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងធ្វើឱ្យមាន ការរីកចម្រើនខ្លះ​ក្នុងកិច្ចចរចាស្តីពីតម្លៃការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើឱ្យមានការរីកចម្រើនក្នុងកម្រិតខ្លះ​នៅក្នុងការចរចារបស់ពួកគេសម្រាប់ការកំណត់ចំណែករបស់ទីក្រុងសេអ៊ូល ចំពោះការ​ចំណាយ​សម្រាប់ការឈរជើងកងទ័ពអាម៉េរិកនៅទីនោះ។

លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់បែបនេះ នៅពេលដែលលោកចាកចេញ​ទៅកាន់​ទីក្រុងវ៉ាស៊ីនតោន​ដើម្បីធ្វើកិច្ចពិភាក្សាគ្នាមួយផ្សេងទៀត ជាមួយសមភាគីអាម៉េរិក លោក James DeHart ដែលគ្រោងនឹងដំណើរការនៅថ្ងៃពុធនេះ។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ អ៊ិនឈុន ភាគ​ខាង​លិចទីក្រុងសេអ៊ូលថា « យើងវាយតម្លៃថា វឌ្ឍនភាពត្រូវបានកើតមានឡើងក្នុងកម្រិត​ណាមួយ​ ហើយយើងបានពង្រីកការយល់ដឹងរបស់យើង តាមរយៈកិច្ចចរចាជាច្រើនដែល​យើង​មានកន្លងមក » ។

យើងនឹងធ្វើការដើម្បីធ្វើកិច្ចព្រមព្រៀងមួយ នៅក្នុងកាលបរិច្ឆេទដំបូងបំផុត ដែលអាច​ធ្វើទៅបានដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចឈានដល់កម្រិតមួយដែលអាចទទួលយកបាន​ហើយយើងក៏អាចកាត់បន្ថយភាពខ្វះចន្លោះបានផងដែរ ខណៈពេលដែលរួមចំណែកដល់ការ​ពង្រឹង​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងឥរិយាបថការពារជាតិរបស់សម្ព័ន្ធមិត្ត។

ការអត្ថាធិប្បាយរបស់លោក Jeong ធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលើក​ឡើងថា ភាគីទាំងពីរកាន់តែជិតឈានដល់កិច្ចព្រមព្រៀង ស្តីពីកិច្ចព្រមព្រៀងចែករំលែកតម្លៃ​ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងវិធានការពិសេស(SMA) ដែលបានផុតកំណត់​កាលពី​ចុង​ឆ្នាំកន្លងមកនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)