វៀតណាមធ្វើជាប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការ អាស៊ានលើកដំបូងនៅទីក្រុងញូវយ៉ក

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០​ — កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាលើសកម្មភាព និងអាទិភាពរបស់រដ្ឋជាសមាជិកអាស៊ាននៅក្នុងឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ដែលជាប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានធ្វើជាគណៈអធិបតីនៅក្នុងកិច្ចប្រជុំនេះ។ បណ្តាប្រទេសទាំងអស់បានអះអាងថា នឹងគាំទ្រដល់ប្រទេសវៀតណាមឱ្យទទួលបានជោគជ័យនូវ តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅខែមករា ឆ្នាំ ២០២០ នេះ។

ពួកគេបានយល់ព្រមបន្តលើកកម្ពស់មុខមាត់ នឹងការចូលរួមយ៉ាងសកម្មរបស់អាស៊ាននៅក្នុងអង្គការសហប្រជាជាតិ។ ប្រទេសចូលរួមទាំងអស់បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង UN ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិជាលើកដំបូងនៅខែមករា ឆ្នាំ ២០២០ នេះ។

ពួកគេបានឯកភាពគ្នាបន្តអនុវត្តសកម្មភាពជាប្រពៃណីរបស់គណៈកម្មាធិការអាស៊ាន ដូចជាទិវាគ្រួសារអាស៊ាន និងទិវាអាស៊ាន ដើម្បីពង្រឹងសាមគ្គីភាពរវាងប្រទេសជាសមាជិក ក៏ដូចជាជំរុញកិច្ចសហ-ប្រតិបត្តិការ និងមិត្តភាពរវាងអាស៊ាន និងប្រទេសដៃគូផងដែរ។

ខណៈដែលចែករំលែកអំពីអាទិភាពក្នុងឆ្នាំ ២០២០ ប្រទេសនានាបាននិយាយថា ពួកគេនឹងបង្កើនការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងលើកកម្ពស់ការបំពេញបន្ថែមរវាងរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ និងចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ។

សកម្មភាពមួយចំនួននឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០២០ នេះ ជាពិសេសការប្រារព្ធខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ និងខួបលើកទី២៥ នៃសេចក្តីប្រកាស និងវេទិកាសកម្មភាពទីក្រុងប៉េកាំង ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)