ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

វិទ្យុជាតិកម្ពុជា:ស្រីផល ១៣,០១,២០២០៖

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមសហការ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម កន្លងមក ពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរ ក្នុងពិធីបុណ្យ តែងតែយកផាវ កាំជ្រួច ឬឧបករណ៍បំផ្ទុះផ្សេងៗ មកប្រើ ប្រាស់ ដើម្បីលម្អរ បង្ករឱ្យមានសម្លេងផ្ទុះ ឆេះ ដែលអាចនាំឱ្យកើតមានគ្រោះមហន្តរាយ តូច ធំ ជាយថាហេតុ ។ដូច្នេះ ដើម្បីចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈ នាឱកាសប្រារព្ធពិធីបុណ្យនេះ សូមប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកំពង់ឆ្នាំង ហាមផលិត ធ្វើចរាចរណ៍ទិញ-លក់ ចែកចាយ និងប្រើប្រាស់ផាវ កាំជ្រួច ឬ ឧបករណ៍ផ្សេងៗ ដែល បង្កឱ្យមានសម្លេងផ្ទុះឆេះ,ហាមដាច់ខាតនូវការដុតផាវ កាំជ្រួច ឬ ឧបករណ៍ផ្សេងៗ ដែលបង្កឱ្យមានសម្លេងផ្ទុះ ឆេះនៅតាមកម្មវិធីផ្សេងៗ ក្នុងគេហដ្ឋាន ឬទីសាធារណៈ ដែលជាហេតុធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខសុវត្តិ ភាព និង សាប់ ធ្នាប់សង្គម។ ហាមដាច់ខាត ការដាក់អាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទតាមខ្លួន ឬមធ្យោបាយចូលរួមក្នុងពិធីផ្សេងៗ និងក្នុងទីសាធារណៈ។ ត្រូវមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី, ប្រេងឥន្ទនៈ ហ្គាស និងការដុត អុជធូបទៀន ចង្កៀង ឬ សម្ភារៈផ្សេងៗទៀត តុបតែងលម្អ សោភ័ណភាពនៅតាម មន្ទីរ អង្គភាព គេហដ្ឋាន ឬ ទីសាធារណៈ ដែល អាចបង្កឱ្យមានអគ្គីភ័យកើតឡើង ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ រួមគ្នារក្សានូវភាពស្ងៀមស្ងាត់ ដើម្បីភូមិ -ឃុំ មានសុវត្ថិភាព ។