កិច្ចប្រជុំពិភាក្សាអំពីអាទិភាពសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០​ — ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបើកកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការទាំងមូលសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (CoW 10) នៅទីក្រុងហាណូយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២០។

ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃធ្វើការទី៣ នៃកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃកិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០២០ ។ ក្រោមអធិបតីភាពនៃអគ្គលេខាធិការរងអាស៊ាន លោក Aladdin Rillo កិច្ចប្រជុំនេះមានវត្តមានរបស់   បណ្តាមន្ត្រីជាន់ខ្ពស់នៅក្នុងសសរស្តម្ភទាំង ៣ (នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម) នៃសហគមន៍អាស៊ាន បណ្តាប្រធានក្រុមជំនាញនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតំណាងក្រុមគណៈប្រឹក្សាធុរកិច្ចអាស៊ាន។

យោងតាមនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីនៃក្រសួង MoIT បាន​ឱ្យដឹងថា កិច្ចប្រជុំ CoW 10 នេះ ផ្តោតសំខាន់ទៅលើការសម្របសម្រួលសកម្មភាពរបស់អាស៊ានដែលពាក់ព័ន្ធនឹងសសរស្តម្ភសេដ្ឋកិច្ច។

កិច្ចប្រជុំនេះបានពិភាក្សាអំពីអាទិភាពសេដ្ឋកិច្ចចម្បងរបស់ប្លុកសម្រាប់ឆ្នាំ ២០២០ ដែលស្នើដោយប្រទេសវៀតណាម នូវអាទិភាពនៅក្នុងសសរស្តម្ភពីរផ្សេងទៀត និងទំនាក់ទំនងរបស់ពួកគេជាមួយអាទិភាពដែលបានស្នើឡើងនៅក្នុងសសរស្តម្ភសេដ្ឋកិច្ច។

អ្នកចូលរួមទាំងអស់ក៏បានមើលទៅលើការលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងនៅក្នុងអាស៊ាន បដិវត្តឧស្សាហកម្មទី ៤ នឹងការធ្វើឌីជីថលនៃសេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមជាមួយអាទិភាពក្នុងវិស័យជាក់លាក់ក្នុងឆ្នាំ ២០២០ ដូចជាវិស័យពាណិជ្ជកម្ម ការវិនិយោគ សេវាកម្ម ការសម្របសម្រួលពាណិជ្ជកម្ម ការការពារអ្នកប្រើប្រាស់ កម្មសិទ្ធិបញ្ញា ច្រកចេញចូលតែមួយអាស៊ាន និងស្តង់ដារគុណភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)