កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ចនៃប្រទេស CLMV នៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២០ បណ្តាមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានជួបប្រជុំគ្នានៅទីក្រុងហាណូយ សម្រាប់កិច្ចប្រជុំលើកទី១៨ របស់ខ្លួនដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT)។

នេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយ នៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេស CLMV នៅក្នុងបណ្តាញសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២០ ។

យោងតាមនាយកដ្ឋានទីផ្សារអាស៊ី – អាហ្វ្រិកនៃក្រសួង MoIT បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានផ្តោតសំខាន់ទៅលើការរៀបចំផែនការដើម្បីសម្រេចឱ្យបាននូវលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១១ ដែលបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក​ ការអនុវត្តផែនការសកម្មភាព CLMV សម្រាប់ឆ្នាំ ២០១៩-២០២០ និងនីតិវិធីចាំបាច់សម្រាប់ការដាក់ស្នើក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV ដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV កាលពីខែកញ្ញា ឆ្នាំ​២០១៩ ដល់កិច្ចប្រជុំកំពូល CLMV នាពេលខាងមុខនេះ។

មន្រ្តីទាំងនោះក៏បានពិភាក្សាគ្នាជាមួយលេខាធិការដ្ឋានអាស៊ាន ស្តីពីការដាក់ពង្រាយផែនការទាក់ទងនឹងដំណាក់កាលទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (AIA) និងបញ្ហាពាក់ព័ន្ធដទៃទៀតផងដែរ។

ពួកគេបានស្នើដល់លេខាធិការដ្ឋានអាស៊ានឱ្យគាំទ្របន្ថែមទៀតដល់ប្រទេសទាំងបួន ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍរបស់ពួកគេ ហើយគូសផែនទីផែនការដើម្បីអនុវត្តក្របខ័ណ្ឌអភិវឌ្ឍ CLMV បន្ទាប់ពីវាត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូល CLMV ។

នាយកដ្ឋានទីផ្សារអាស៊ី – អាហ្វ្រិកបាននិយាយថា ក្របខ័ណ្ឌនៃការអភិវឌ្ឍ CLMV ផ្តល់នូវការតម្រង់ទិសជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបួន ហើយវាគឺជាលើកដំបូងហើយដែលត្រូវបានបង្កើតឡើងចាប់តាំងពីការបង្កើតយន្តការនៃកិច្ចសហប្រតិបត្តិការ CLMV មក ដែលឆ្ពោះទៅរកការអភិវឌ្ឍ នឹងការប្រកួតប្រជែងនៅតំបន់ CLMV នៅឆ្នាំ ២០៣០៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)