អាមេរិកព្រមានអ៊ីរ៉ង់មិនឲ្យសម្លាប់ក្រុមបាតុករអ៊ីរ៉ង់ដែលក្រោកឡើងតវ៉ាចំពោះការបាញ់ទម្លាក់យន្តហោះស៊ីវិល

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានអ៊ីរ៉ង់ថា អាមេរិកប្រឆាំងចំពោះការសម្លាប់ក្រុមបាតុករ ដែលបានក្រោកឡើងតវ៉ាចំពោះការបាញ់ទម្លាក់យន្តហោះស៊ីវិលរបស់អ៊ុយក្រែន ខណៈដែលរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ថាទ្វារនៅតែបើកចំហដើម្បីជជែកជាមួយទីក្រុងតេអេរ៉ង់។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ១៣ ខែមករា ឆ្នាំ២០២០។
ការព្រមានរបស់លោកប្រធានាធិបតីអាមេរិក បានកើតឡើង នៅពេលដែលរបបអ៊ីស្លាមរបស់អ៊ីរ៉ង់បានប្រឈមនឹងបញ្ហាពីការតវ៉ាតាមផ្លូវចំពោះការច្រឡំបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរដែលបានផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ១៧៦នាក់។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ប្រាប់ទៅមេដឹកនាំអ៊ីរ៉ង់តាមរយៈបណ្តាញសង្គមធ្វីតធើ ថា កុំឱ្យសម្លាប់បាតុករណាម្នាក់ឱ្យសោះ ពិភពលោកកំពុងឃ្លាំមើលអ្នក ហើយជាពិសេសគឺសហរដ្ឋអាមេរិក ក៏កំពុងឃ្លាំមើលអ្នកផងដែរ។បើតាម លោក ម៉ាក អ៊ែស្ពើរ (Mark Esper)រដ្ឋមន្ត្រីសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីឡើងវិញថា ទីក្រុងវ៉ាស៊ីនតោននៅតែបើកទ្វារចាំចរចាជាមួយអ៊ីរ៉ង់ ដោយគ្មានលក្ខខណ្ឌទុកជាមុននោះឡើយ។

សូមជម្រាបថា ក្រុមបាតុករបានផ្ទុះការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈថ្នាក់ដឹកនាំអ៊ីរ៉ង់បានទទួលរងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីការទទួលស្គាល់ថា ខ្លូនបានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែនដោយអចេតនា ហើយបានផ្តាច់ជីវិតមនុស្ស ១៧៦នាក់ ក្នុងនោះរួម មានទំាងជនជាតិអ៊ីរ៉ង់ខ្លួនឯង ៨២នាក់ផងដែរកាលពីសប្តាហ៍មុន៕
ប្រភព៖ សារព័ត៌មាន Channel News Asia