សភាកម្ពុជា ប្រាប់ APPF ថា កម្ពុជាគាំទ្រប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៣ ០១ ២០២០៖

សភាកម្ពុជា ប្រាប់អង្គវេទិកានៃសភាអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APPF ថា កម្ពុជាគាំទ្រប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅជំរុញនូវការឯកភាពជាតិ រក្សាសន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

  ថ្លែងនៅក្នុងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ដែលប្រព្រឹត្តឡើងក្នុងប្រទេសអស្រ្តាលី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

  សម្តេចពញាចក្រី មានប្រសាសន៍ថា សភាមានតួនាទីចម្បង ក្នុងការបង្ការ និងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឲ្យទៅជាសន្តិភាព និងការអភិវឌ្ឍ តាមរយៈចូលរួមត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន ព្រមទាំងធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិនានា ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាជនក្នុងនយោបាយពិភពលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។ 

ឯកឧត្តម តូនី ស្មីត ប្រធានសភាអូស្ត្រាលី ដែលជាប្រធានAPPF លើកទី២៨នេះ បានស្នើដល់សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា អំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលនឹងបម្រើដល់ផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ និងសកលលោក។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ 

បច្ចុប្បន្ន អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេសមាន៖ ប្រទេសអូស្រា្តលី កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ៕