អាជ្ញាធរហ្វីលីពីនព្រមាន ពីគ្រោះថ្នាក់នៃការផ្ទុះភ្នំភ្លើង ខណៈមនុស្សជាច្រើនពាន់អ្នកត្រូវបានជម្លៀសខ្លួន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

  កាលពីព្រឹកព្រលឹមនៃថ្ងៃច័ន្ទនេះ ភ្នំភ្លើងនៅប្រទេសហ្វីលីពីន ស្ថិតនៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីម៉ានីលបានចាប់ផ្តើមផ្ទុះឡើងហើយ ខណៈអាជ្ញាធរព្រមានថា«ការផ្ទុះដ៏គ្រោះថ្នាក់»អាចកើតឡើង ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅព្រឹកថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ២០២០។

  តាមប្រភពពីអាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា នៅពេលនេះភ្នំភ្លើងតាល(Taal) ដែលជាភ្នំភ្លើងសកម្មទី២នៅហ្វីលីពីនបានផ្ទុះឡើងហើយនៅព្រឹកថ្ងៃចន្ទនេះ ដោយបាចសាចផេះដ៏ច្រើនសន្ធឹកសន្ធាប់បង្ករឲ្យមានការជម្លៀសមនុស្សប្រមាណ ៨០០០ នាក់ចេញពីតំបន់នោះ។ជើងហោះហើរទាំងអស់ត្រូវបានផ្អាក ហើយទីផ្សារភាគហ៊ុនហ្វីលីពីនក៏បានប្រកាសថាខ្លួននឹងបញ្ឈប់រាល់ការជួញដូរផងដែរ ខណៈការងាររដ្ឋាភិបាលនៅទីក្រុងម៉ានីលនិងសាលារៀននៅគ្រប់កម្រិតទាំងអស់ក្នុងរដ្ឋធានីក៏ត្រូវបានផ្អាកហើយអាជ្ញាធរក៏បានព្រមានអំពី រលកយក្សស៊ូណាមិដែលអាចកើតមានទៀតផង ។

    សូមបញ្ជាក់ថា វិទ្យាស្ថានភ្នំភ្លើងហ្វីលីពីនបាននិយាយថាភ្នំភ្លើង Taal ជាភ្នំភ្លើងតូចជាងគេបំផុតមួយនៅលើពិភពលោកមានអត្រាការផ្ទុះឡើងយ៉ាងតិច ៣៤ ដងក្នុងរយៈពេល ៤៥០ ឆ្នាំ ហើយពេលនេះឈានដល់ដំណាក់កាលទៅជាការផ្ទុះយ៉ាងខ្លាំងដែលការហូរផេះថ្មក្នុងល្បឿនជាង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕ប្រភព៖ សារព័ត៌មាន BBC