អភិបាលរាជធានីភ្នំពេញជំរុញឲ្យអភិបាលខណ្ឌទំាង១៤ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន

វិទ្យុជាតិកម្ពុជា ៖ ហុក សុខរិន ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០៖

អភិបាលរាជធានីភ្នំពេញជំរុញឲ្យអភិបាលខណ្ឌទំាង១៤ពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវ បរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដម អភិបាល អភិបាលរងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភំ្នពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ ឯកឧត្ដមព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ។
ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀនដែលជាបញ្ហាដ៏ធំដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។
ឯកឧត្តមបានអៈអាងថា បញ្ហាល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង៕