គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំAPPFនៅប្រទេសអូស្រា្តលី

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី

ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី តបតាមការអញ្ជើញប្រធានស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។

ក្នុងវេទិកាដែលមានប្រតិភូសភាចូលរួមជាង ៣០ប្រទេស នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ ក្នុងនាមប្រធានAPPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។ ជាមួយគ្នានេះ​ សភាអូស្រ្តាលីបានអញ្ជើញសភាកម្ពុជា ចែករំលែកបទពិសោធន៍ពីការដឹកនាំនិងការរៀបចំកិច្ចប្រជុំ APPFលើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ទៀតផង។

កំឡុងពេលចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីប្រធានរដ្ឋសភាប្រទេសអូស្រា្តលី និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជានៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ គ្រោងទទួលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងនិស្សិតខ្មែរ ដែលកំពុងរស់នៅនិងសិក្សាក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី ផងដែរ។

ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការនយោបាយនិងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មាធិការសហប្រតិបត្តិការតំបន់ ក្នុងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើសេចក្តីព្រាងសេចក្តីសម្រេចនានា ដែលលើកឡើងពីបញ្ហារួម ក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថានជាដើម។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន​ ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ​ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។

អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឺឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។

សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកAPPF នៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕