រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំការប្រកួតកីឡាវាយសី ដើម្បីដណ្តើមពានរង្វាន់ ៧មករា លើកទី២០

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

(ប៉ៃលិន)៖នៅថ្ងៃ១១ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តប៉ៃលិនខេត្តប៉ៃលិនបានរៀបចំការប្រកួតកីឡាវាយសីដើម្បីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ក្រោមអធិបតីភាពឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តនិងជាប្រធានសមាគមន៍កីឡាវាយសីខេត្ត ឯកឧត្តមជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងលោកលោកស្រីប្រធានអនុប្រធានមន្ទីរជំុំវិញខេត្ត អភិបាលក្រុង/ស្រុក និងគណៈគម្មាធិការសហព័ន្្ធសមាគមន៍វាយសីកម្ពុជា ជាពិសេសក្រុមកីឡាករកីឡាការនីមកពីបណ្តាខេត្តនានា។
ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិននិងជាប្រធានសមាគមន៍កីឡាវាយសីខេត្ត បានមានប្រសាសន៍ថា៖ ដើម្បីអបអរសាទទិវាជ័យជំនះ៧ មករា រដ្ឋបាលខេត្ត បានសហការជាមួយសហព័ន្ធសមាគមន៍កីឡាវាយសីកម្ពុជាធ្វើការរៀបចំការប្រកួតវាយសីដើម្បីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ សំដៅបង្កើតសមត្ថភាព សាមគ្គីភាព មិត្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តមលើកឡើងថា៖ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយមានប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ ដូចជា ផ្លូវថ្នល់ មន្ទីពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាម ក្នុងនោះដែរក៍មានវិស័យអប់រំយុវជនកីឡា ដែលយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានទាំងចំនេះជំនាញ និងជាពិសេសធនធានអប់រំកាយ ដើម្បីជាថ្នាល់ត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដូច្នេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវជំរុញគាំទ្រដល់យុវជនទាំងអស់ក្នុងខេត្តអោយចូលរួមលេងកីឡា អោយបានគ្រប់ៗគ្នា ក្នុងន័យលើកស្ទួយវិស័យវិស័យអប់រំកាយអោយបានកាន់តែល្អថែមទៀត។ទន្ទឹមនឹងនេះឯកឧត្តមក៍បានមានប្រសាសន៍ណែនាំដល់ក្រុមកីឡាទាំងអស់ថាការប្រកួតនៅពេលនេះត្រូវចាត់ទុកជាបទពិសោធន៍ ពង្រឹងសមត្ថភាព សុខភាព របស់ខ្លួន និងពង្រឹងនៃការសាមគ្គីភាព ទំនាក់ទំនងល្អ រវាងក្រុមកីឡា នឹងក្រុមកីឡា ហើយជាមួយគ្នានេះត្រូវបង្កើតការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន គឺត្រូវចូលរួមលេងកីឡាទាំងអស់គ្នា។
សូមបញ្ជាក់ថា៖រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំការប្រកួតកីឡាវាយសី ដើម្បី
ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ នៅពេលនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១-១២ខែមករា ឆ្នាំ២០១៩ ដែលមានក្រុមកីឡាវាយសីចូលរួមចំនួន១៤ ក្រុម មកពីបណ្តាខេត្តនានា រួមមាន៖ទី១/ក្រុមកីឡាសមាគមវាយសីខេត្តប៉ៃលិន ។ទី២/ក្រុមកីឡាសមាគមវាយសីខេត្តបាត់ដំបង។ទី៣/ក្រុមកីឡាសមាគមវាយសីខេត្តរតនគិរី។ទី៤/ក្លឹបកីឡាវាយសីព្រះខ័ជរាជ។ទី៥/ក្លឹបកីឡាវាយសីខេមរៈមហានគរ។ទី៦/ក្រុមកីឡាសមាគមវាយសីខេត្តកំពង់ចាម។ទី៧/ក្រុមកីឡាសមាគមវាយសីខេត្តកំពង់ឆ្នាំង។ទី៨/ក្លឹបកីឡាវាយសីពហុកីឡាដ្ឋានជាតិ។ទី៩/ក្លឹបកីឡាវាយសីបញ្ជាការដ្ឋានការពារអារកាស។ទី១០/ក្លីបកីឡាវាយសីភ្នំពេញ។ទី១១/សមាគមកីឡាវាយសីខេត្តមណ្ឌលគិរី។ទី១២/ក្លឹបកីឡាវាយសីឧកញ៉ាឃ្លាំងមឿង។ទី១៣/សមាគមកីឡាវាយសីខេត្តពោធិសាត់។ទី១៤/សមាគមកីឡាវាយសីអង្គរខេត្តសៀមរាម។ ក្នុងនោះមានប្រភេទវិញ្ញាសារដូចជា៖អាយុ៣៣ឆ្នាំឡើង និង៥០ឡើង អាយុ៤០ឆ្នាំដល់៤៩ ឆ្នាំ អាយុ១៩ឆ្នាំឡើង អាយុក្រោម១៨ឆ្នាំ និងអាយុក្រោម១៦ឆ្នាំផងដែរ៕
អត្ថបទលោក គួន ធិ