ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងថា រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពរស់​នៅអតីត​យុទ្ធជនកាន់តែមានភាពប្រសើរឡើង

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និង​ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោម​ការ​ដឹក​នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​ក្រុមគ្រួសារអតីតយុទ្ធជនមានការផ្លាស់ប្តូររីកចម្រើនកាន់តែមានភាពប្រសើរ​ឡើងជា​លំដាប់។

ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់​ផ្ទះដែល​ជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ​ហ៊ុន ​សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុនសែន ជូនអតីតយុទ្ធជនក្រីក្រចំនួន១០៣ខ្នង​ពិធីសម្ពោធ​ផ្លូវមួយខ្សែប្រវែង ៤គីឡូម៉ែត្រ និង​​បញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង​៦បន្ទប់​នៅតំបន់២២២២ ស្ថិតនៅភូមិកូនខ្លែង ឃុំ​ប៉ោយចារ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​កាលពីព្រឹកថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ​ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែមករា ឆ្នាំ២០២០ ដែលមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​និងកំពុងបន្ត​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសការអនុវត្ត​គោលនយោបាយជាតិ​ចំពោះអតីត​យុទ្ធជនបង្ហាញនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូន​ដែលមិន​អាចបំភ្លេច​​បាន និងនៅតែចងចាំជានិច្ចអំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់​អតីតយុទ្ធ​ជនទាំងអស់ ដែលបានពលីកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុរំដោះប្រទេសជាតិ​ មាតុភូមិនោះ។

ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយ​មានជា​គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្តល់ជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធ​​ជន​ដើម្បីជួយសម្រួលបំពេញបន្ថែមដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយរយៈដែរ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ​ បានប្រាប់ឱ្យដឹងថា សម្រាប់អតីតយុទ្ធជនមួយគ្រួសារ នឹងទទួលបានផ្ទះ​១ខ្នង និងដី១ហិចតា ដើម្បីបង្កបង្កើនផល។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ពិធីប្រគល់ផ្ទះនេះគឺជាលើក​ទី២​ ខណៈ​ដែលលើកទី១ ប្រគល់បាន៨០ខ្នងផ្ទះ ហើយលើកទី៣ នឹងប្រគល់បន្ថែម៣៦​ខ្នង​ទៀត​​នៅពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹម​យ៉ាន នឹងឧបត្ថម្ភបន្ថែមទៀត ដើម្បីកសាងផ្ទះនៅតំបន់នេះដែលអតីតយុទ្ធជនកម្ពុជាយើង កំពុងតែ​មានការខ្វះខាតផ្ទះ និងដីនោះ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានឱ្យដែរថា គម្រោងបន្ដទៅទៀតនោះ សម្ដេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នឹងឧបត្ថម្ភបន្ថែម១០០ខ្នងផ្ទះទៀត ដើម្បីឱ្យគ្រប់ចំនួន៣០៩​ខ្នង ស្មើនឹង៣០៩គ្រួសារ ដែលមានការខ្វះខាតដើម្បីផ្ដល់ឱកាសឱ្យក្រុមគ្រួសារ​អតីតយុទ្ធ​ជនយើងពួកគាត់បានរស់នៅ និងបង្កបង្កើនផលនៅលើទឹកដីថ្មីនៅ​ខេត្តបន្ទាយមានជ័យនេះ​ប្រកប​ដោយភាពសុខសាន្តមានជីវភាពកាន់តែធូធារជាលំដាប់នោះ៕

ដោយ ឈុន សារ៉ាត