សម្តេចក្រឡាហោមប្រាប់អភិបាលខេត្ដរតនគីរីលុបបំបាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
MC៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រាប់អភិបាលខេត្ដរតនគីរីលុបបំបាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ ដើម្បីធានាឱ្យបាននៅភូមិឃុំមានសុវត្ថិភាព ជាពិសេសអភិវឌ្ឍន៍ខេត្ដមួយនេះឱ្យកាន់តែរីចម្រើនបន្ថែមទៀត។
ថ្លែងក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តរតនគិរី កាលពីថ្ងៃទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោមសខេង បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ដរតនគីរី បន្ដពង្រឹងសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សារធារណៈ របៀបរៀបរយសាធារណៈ ជាពិសេសគ្រឿងញៀន អំពើលួចឆក់ប្លន់ ដើម្បីបង្កាទប់ស្កាត់ និងបង្រាបបទល្មើសនានាក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ម៉្យាងវិញទៀត ដោយត្រូវខិតខំបំផុសចលនារបស់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្ដគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
សម្ដេចក្រឡាហោមសខេងបានបញ្ជាក់ថា ការពង្រឹងសន្ដិភាព និងសន្ដិសុខនេះ ដើម្បីជំរុញឱ្យខេត្ដរតនគីរីកាន់តែមានការអភិវឌ្ឍ ការទាក់ទាញការនិយោគលើដំណាំកសិឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានណែនាំដល់មន្ដ្រីទាំងអស់ដែលជាអ្នកផ្ដល់សេវា ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយបើដោះស្រាយមិនបាននោះ ត្រូវតែបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងចេះតែអូសបន្លាយយូរ។
សំឡែង.»បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងតាមរយៈវេទិការសាធារណៈ ឬក៏តាមរយៈ នៃការប្រមូលព័ត៌មាន ផ្សេងៗទៀត ដូចជាចុះតាមផ្ទះផ្ទាល់ជាដើម យើងបូករួមជាបញ្ហាទៅវាមានប៉ុន្មាន ចឹងយើងចាត់វិធានការដោះស្រាយបញ្ហាខ្លះយើងលឺហើយ បើមិនដោះស្រាយយើងមិនយកចិត្តទុកដាក់ ថ្ងៃណាមួយវាអាចផ្ទុះធំឡើង ដែលនាំឲ្យមានការខាតបង់ច្រើនពិបាកដោះស្រាយ»។
ឯកឧត្ដម ថន សាវុន អភិបាលខេត្ដរតនគីរី បានដាក់ផែនការសកម្មភាពសម្រាប់អនុវត្ដការងារជាប្រចាំ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កា និងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្រ្ដខេត្ដរតនគីរីដែលស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។ជាពិសេសចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជានិច្ចជាកាលផងដែរ៕