ក្រសួងរៀបចំដែនដីចេញវិធានការហាម៥ចំណុចដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិធានការហាម៥ចំណុចដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់នៅកម្ពុជា ពិសេសកាត់បន្ថយបញ្ហាគ្រោះថ្នាក់នានាដែល បណ្តាលមកពីសំណង់គ្មានគុណភាព។
យោងតាមសេចក្តីណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចុះហត្ថលេខាដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី១០ ខែមករានេះបានឲ្យដឹងថា សេចក្តីណែនាំនេះនឹងពង្រឹងការអនុវត្តច្បាប់ទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ទាំងអស់ ក្នុងការពង្រឹងនូវគុណភាព និងសុវត្ថិភាពសំណង់។
ប្រភពបន្តថា ដើម្បីពង្រឹងគុណភាពសំណង់នេះក្រសួងបានហាមដាច់ខាតមិនឱ្យអនុវត្តន៍លើការងារចំនួន៥រួមមាន៖ទី១ហាមដាច់ខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ទី២ ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ទី៣ ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។ទី៤ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយនិងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។ និងទី៥ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងដែនដីបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍លើគោលការណ៍ និងវិធានការចំនួន៥ផ្សេងទៀតរួមមាន៖ លិខិតអនុញ្ញាតសាងសង់ ជួសជុល និងរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់, ការរៀបចំការដ្ឋាន, ដំណើរការដ្ឋានសាងសង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ដើម្បីធានាអាយុជីវិតមនុស្សទ្រព្យសម្បត្តិសុវត្ថិភាពនិងគុណភាពសំណង់ទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្នុងករណីពិនិត្យឃើញអំពើល្មើសនឹងបម្រាមខាងលើ អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញលិខិតផ្អាកការកសាងជាបន្ទាន់ បើក្នុងករណីសាងសង់នៅតែបន្ត អាជ្ញាធរមានសមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន៕