ផ្ទះចំនួន៣ខ្នងជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

(ប៉ៃលិន)៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី០៥ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួសុខទុក្ខ និងប្រគល់ផ្ទះចំនួន០៣ ខ្នងដល់អតីតយុទ្ធជនចំនួន0៣គ្រួសារ ស្ថិននៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។
ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ តំណាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខ និងការលំបាករបស់បងប្អូនអតីតយុទ្ធជន ដោយបានផ្តល់ដីសម្បទាន សម្រាប់សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលដល់សមាជិក ដែលមានការខ្វះខាត ព្រមទាំងបានដំឡើងប្រាក់គោលរបបផ្សេងៗ ដូចមន្រ្តីរាជការ ដែលកំពុងបម្រើការងារផងដែរ។ ឯកឧត្តមទេសរដ្ឋ មន្ត្រីបានបន្តថា តាមរយៈស្មារតីនៃការទទួលខុសត្រូវ និងយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុនសែន បានជួយសាងសង់ផ្ទះសម្បែងផ្តល់ដីបង្កបង្កើនផល ព្រមទាំងការឧបត្ថម្ភថវិកា ស្បៀង អាហារផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីឱ្យអតីតយុទ្ធជន មានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិត តាមតម្រូវការរៀងៗខ្លួន ព្រោះថាពួកគាត់បានចូលរួមបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិមាតុភូមិ ក្នុងសម័យសង្រ្គាមដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូល ដូច្នេះអតីតយុទ្ធជនកម្ពុជាក៍ដូចប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីការរស់នៅមានភាពសុខសាន្ត និងផ្តល់ឱកាសឲ្យសង្គមជាតិ ទទួលបានការអភិវឌ្ឍហើយប្រជាពលរដ្ឋមានជីវភាពធូរធារ។ក្នុងឱកាសនោះដែរឯកឧត្តមក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនអោយបានល្អ បើសិនមានអាការៈមិនស្រួលក្នុងខ្លួន ឫសង្ស័យថាខ្លួនកើតជំងឺ ត្រូវយកប័ណ្ណប.ស.ស ទៅមន្ទីពេទ្យរដ្ឋដែលនៅជិត ដើម្បីធ្វើការពិនិត្យព្យាបាលដោយអត់គិតថ្លៃ។
សូមបញ្ជាក់ថា៖ផ្ទះចំនួន៣ខ្នងអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន ចំនួន០៣គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានផ្ទះ១មួយខ្នង និងថវិកា៥០ម៉ឺនរៀល ព្រមទាំងសំភារៈរួមមានអង្គ៥០គីឡូ មី១កេះ ទឹកត្រី១យួ ត្រីខ១យួ ទឹកសាអីវ១យួ ភួយ១ ម៉ុង១ កន្ទេល១ ទឹកសុទ្ធចំនួន០៣កេះ នឹងទឹកដោះគោ ១យួរ។
អត្ថបទលោក គួន ធិ