ការចុះសាកសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនកម្ពុជា គឺជាកត្តាសំខាន់សំរាប់ដើម្បីឆ្លើយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

 

(ប៉ៃលិន)៖ឯកឧត្តម គន់ គឹម ទេសរដ្ឋមន្រ្តីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ បានមានប្រសាសន៍ថា៖ការចុះសាកសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនកម្ពុជា គឺជាកត្តាសំខាន់សំរាប់ធ្វើការដោះស្រាយអោយបានទាន់ពេលវេលា នូវបញ្ហាប្រឈមដែលកើតឡើងលើពួកគាត់ រួមមាន៖ ជីវភាពក្រីក្រ គ្មានទីពឹង គ្មានលំនៅដ្ឋាន ជាដើម ដូច្នេះថ្នាក់ដឹកនាំខេត្តប៉ៃលិននិងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាត្រូវយកចិត្តទុកដាក់ជួយសាងសង់ផ្ទះសម្បែង ផ្តល់ដីបង្កបង្កើនផល ព្រមទាំងឧបត្ថម្ភថវិកា ស្បៀង អាហារផ្សេងៗ ជូនពួកគាត់ដែលខ្វះខាត ដើម្បីឱ្យក្រុមគ្រួសារអតីតយុទ្ធជន មានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិត តាមតម្រូវការរៀងៗខ្លួន ព្រោះថាពួកគាត់បានបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីការជាតិមាតុភូមិ ក្នុងសម័យសង្រ្គាមដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូល ។ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តប៉ៃលិន ត្រូវណែនាំ និងដាសតឿនដល់ប៉ុស្តិ៍នគរបាលទាំង៨ ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់សួរសុខទុក្ខ គ្រួសារអតីតយុវជនកម្ពុជាក្នុងមូលដ្ឋានរបស់ខ្លួនអោយបានជាប្រចាំដើម្បីអោយពួកគាត់ជឿជាក់ទុកចិត្តលើអាជ្ញាធរ និងជាពិសេសយល់ដឹងពីស្ថានភាពគ្រួសាររបស់ពួកគាត់ ដើម្បីបង្កភាពងាយស្រួលដោះស្រាយបញ្ហាអ្វីមួយដែលកើតឡើងបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ បានមានប្រសាសន៍ថ្លែងដូច្នេះក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន      គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រគល់ប័ណ្ណ ប.ស.ស ជូនគ្រួសារជនពលីមរណៈខេត្តប៉ៃលិន នៅសាលប្រជុំមន្ទីរបក្សខេត្តប៉ៃលិន ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី០៥ និងជាសមាជិកគណអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងលោកលោកស្រីប្រធានអនុប្រធានមន្ទីរជំនាញ  អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងបងប្អូនអតីតយុវជនកម្ពុជាខេត្តប៉ៃលិន សរុបប្រមាណ៦០០នាក់។

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ បានមានប្រសាសន៍ណែនាំដល់ប្រធាន អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនថ្មីត្រូវគោរព និងអនុវត្តន៏ឲ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់សមាគម ទាំងរបៀបរបបធ្វើការតាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពជាអ្នកដឹកនាំ បុគ្គលទទួលខុសត្រូវ និងអនុវត្តតាមផែនការមហាសន្និបាត សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ និងត្រូវអនុវត្តអោយបានម៉ងម៉ាត់តាមអនុសាស្រ្តទាំង១៤ចំនុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ត្រូវបន្តអនុវត្តគ្រប់ភារៈកិច្ចដើម្បីដឹកនាំការងារប្រចាំថ្ងៃរបស់សមាគម និងត្រូវមានទំនាក់ទំនងជាមួយអង្គភាពជុំវិញខេត្ត និងអង្គការសមាគមន៍ផ្សេងៗ ដើម្បីអោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនមានការរីកចំរើនជាបន្តបន្ទាប់ ក្នុងការបំរើសេចក្តីត្រូវរបស់បងប្អូនអតីតយុទ្ធជន        កម្ពុជា។ទន្ទឹមនឹងនេះឯកឧត្តមក៍បានផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនអោយបានល្អ បើសិនមានអាការៈមិនស្រួលក្នុងខ្លួន ឫសង្ស័យថាខ្លួនកើតជំងឺ ត្រូវយកប័ណ្ណប.ស.ស ទៅមន្ទីពេទ្យរដ្ឋដែលនៅជិត ដើម្បីធ្វើការពិនិត្យព្យាបាលដោយអត់គិតថ្លៃ។

លោកវិរៈសេនីយឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងប៉ៃលិនបានអោយដឹងថា៖អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន សរុបចំនួន១៣៧៩ នាក់ ក្នុងនោះពិការចំនួន៨១៧នាក់ និវត្តន៍ជនចំនួន៣៧១ នាក់ បាត់បង់ចំនួន១៥នាក់ ពលី១៤០នាក់ មរណៈចំនួន៣៦ នាក់។មុខសញ្ញាដែលគ្មានដីគ្មានផ្ទះនិងរស់នៅលើដីសាធារណៈសរុប៣៦គ្រួសារ។

សូមបញ្ជាក់ថា៖តាមលេខ៣២៥ /តត/ស.អ.ក សេចក្តីសម្រេចស្តីពីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រការទី០១/ត្រូវបានទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលមានសមាសភាពដូចខាងក្រោម៖ ១/ឯកឧត្តម សេង សុ គន្ធ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន។ទី២/ឯកឧត្តម ព្រហ្ម បាត់ អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន។ទី៣/លោក ហ៊ត ឫទ្ធី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ជំនួសលោក ពេជ្រ សំបូរ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។ទី៤/លោក ហៀង សុងហួត ជាសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនជំនួយលោក សុទ្ធ ឃុនថាល់ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។ទី៥/លោកស្លេះ យូរ ជាសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនជំនួសលោកអាង នាង ដែលត្រូវបានផ្លាស់ប្តូភារកិច្ច៕

អត្ថបបទ​ លោក គួន ធិ