ក្រសួងសាធារណការគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលលើវិស័យសាធារណការ និងដឹកជញ្ជូន និងបច្ចេកវិទ្យា ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីរាជការ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

MC៖ក្រសួងសាធារណការគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលលើវិស័យសាធារណការ និងដឹកជញ្ជូន និងបច្ចេកវិទ្យា ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីរាជការ ក្នុងការបំពេញការងារវិជ្ជាជីវៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអៈអាងថា គម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលលើវិស័យសាធារណការ និងដឹកជញ្ជូន និងបច្ចេកវិទ្យានេះ គឺដើម្បីឆ្លើយតបទៅ នឹងទិសដៅរបស់ក្រសួងដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួង។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រុមហ៊ុនឯកជន បានចូលរួមជាថវិកាប្រមាណ ២លានដុល្លារអាមេរិក ក្នុងការជួយកសាងវិទ្យាស្ថានបណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកផលិតធនធានមនុស្សលើសាធារណការ និងដឹកជញ្ជូន និងបច្ចេកវិទ្យាកាន់តែមានគុណភាព។
ឯកឧត្តមបានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពពេញ លេញទៅតាមជំនាញវិជ្ជាជីវៈនេះ ដើម្បីធានាឱ្យស្ថាប័ន និងអង្គភាពក្រោមឱវាទបំពេញមុខងារមានប្រសិទ្ធភាព និងសម្រួលឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈល្អប្រសើរ។
សំឡេង « ឆ្នាំ២០២០នេះ យើងខ្ញុំបានកំណត់យកជាឆ្នាំនៃការកសាងធនធានមនុស្ស ជាឆ្នាំនៃការពង្រឹងនូវគុណភាពនិងប្រសិទ្ធភាពការងារ។ លើសពីនេះទៀត យើងខ្ញុំនឹងប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ មកអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្រសួងបានបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីស្តីពីភាពជាអ្នកដឹកនាំចំនួន ១០០នាក់ ហើយបានបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈដែលរៀបចំឡើងដោយក្រុមហ៊ុនGE (២នាក់ក្នុង១ឆ្នាំ) នៅសហរដ្ឋអាមេរិក និងបញ្ជូនមន្រ្តីជំនាញចូលរួមវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសជាច្រើននាក់ទៀត៕